Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិប្បកម្មដែកផលិតដងសន្ទួច និងទិញអេតចាយអត់ច្បាប់២កន្លែង ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទអាជីវកម្មចោល និងទុកពេលឲ្យសុំច្បាប់អនុញ្ញាត

11-05-2019 12:41

(ភ្នំពេញ)៖ សិប្បកម្មដែកផលិតដងសន្ទួច និងទិញអេតចាយអត់ច្បាប់ចំនួន២កន្លែង ដែលមានទីតាំងនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអាជ្ញាធរចុះបិទអាជីវកម្មចោល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ប៉ុន្ដែទុកពេលឲ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាត ធ្វើអាជីវកម្មឡើងវិញ។

ការចុះបិទអាជីវកម្មនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក សើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ។

សមត្ថកិច្ចបានឲ្យដឹងថា សិប្បកម្មដែកខាងលើយីហោ «នូវធារី» ដែលមានម្ចាស់ឈ្មោះ នូវ ធារី អាយុ៤០ឆ្នាំ អាស័យដ្ឋានផ្ទះលេខ 206k ផ្លូវ 62 R ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបើកដំណើរការធ្វើអាជីវកម្មផលិតដងសន្ទូច សម្រាប់ស្ទូចទូកុងតឺន័រ និងសម្ភារធ្ងន់ៗ ផ្សេងៗទៀត ហើយបើករយៈពេលយូរមកហើយ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយការរកស៊ីនេះ គឺចាត់ទុកថាធ្វើឡើងដោយខុសច្បាប់ថែមទៀតផង។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលឈានដល់ការចុះបិទផ្អាកអាជីវកម្ម កម្លាំងបានធ្វើការស្រាវជ្រាវដើម្បីស្វែងរកទីតាំងរោងចក្រ និងសិប្បកម្ម ដែលបានកំពុងធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានខណ្ឌ ខណៈនោះបានរកឃើញសិប្បកម្មដែកខាងលើ បើកកំពុងដំណើរការផលិតដងសន្ទូចដោយគ្មានច្បាប់ ទើបកម្លាំងចុះទៅធ្វើការបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតយកសម្ភារបម្រើឲ្យសិប្បកម្ម មួយចំនួនដូចជា ប៉ុស្តិ៍ផ្សា ម៉ាស៊ីនកាត់ដែកជាដើម យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តថា ក្រៅពីសិប្បកម្មដែកខាងលើសមត្ថកិច្ចបានរកឃើញទីតាំងឃ្លាំងលក់ និងទិញអេតចាយមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត និងស្ថិតនៅក្បែរគ្នានោះដែរ ហើយនេះមានម្ចាស់ឈ្មោះ វង សាយ។ ខណៈនោះសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មផងដែរ ព្រោះម្ចាស់ទីតាំងមិនបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ហើយទីតាំងអេតចាយនេះងាយ និងមានហានិភ័យកើតឡើងជាយថាហេតុបំផុត ដែលនាំឲ្យប៉ះពាល់ដល់អ្នកជិតខាង ចៀសមិនផុតឡើយ។

ក្រោយបិទផ្អាកអាជីវកម្មទីតាំងសិប្បកម្មដែក និងឃ្លាំងអេតចាយទាំង២ខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខាងលើ មិនបានឃាត់ខ្លួនម្ចាស់នោះឡើយ គឺទុកពេលឲ្យពួកគេឡើងទៅសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវទើបឲ្យបើកដំណើរការតទៀត៕