(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណវុឌ្ឍិនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ អភិវឌ្ឍសមត្ថភាពគ្រូឆ្លើយតបទៅនឹងការអប់រំឌីជីថល ដើម្បីធានាឱ្យបានថាសិស្សានុសិស្សទទួលបានបំណិនបច្ចេកវិទ្យា និងអាចសម្របខ្លួនក្នុងបរិស្ថានការងារនាយុគសម័យឌីជីថល មន្ទីរអប់រំ ទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រគល់កុំព្យូរទ័រយួរដៃ (Laptop) និង Tablet គ្រឿងបន្លាស់កុំព្យូទ័រ ចំនួន១៨០គ្រឿង ព្រមទាំងសម្ភារមួយចំនួន ដល់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្រាប់កុំព្យូរទ័រ ទាំង១៨០គ្រឿង ដែលបានប្រគល់ឱ្យនៅថ្ងៃនេះរួមមាន៖ នាយកដ្ឋានបច្ចេកទេសព័ត៌មានវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា ទទួលបាន Laptop ៦០គ្រឿង និង Tablet ៦០គ្រឿង ព្រមទាំងថ្ម២, សាលាបឋមសិក្សា ព្រះនរោត្តម ភ្នំពេញ Laptop ៣០គ្រឿង Tablet ៣០គ្រឿង, វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម Laptop ៣០គ្រឿង Tablet ៣០, សាលបឋមសិក្សាអង្គរបាន កំពង់ចាម Laptop ៣០គ្រឿង Tablet ៣០គ្រឿង និងសាលាបឋមសិក្សា វត្តបូណ៌ ខេត្តសៀមរាប Laptop ៣០គ្រឿង Tablet ៣០គ្រឿង។

គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយមន្ទីរអប់រំ ទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ និងបានចុះហត្ថលេខាជាថ្មី ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលផ្ដោតសំខាន់ទៅលើគោលបំណងចំនួន០៣ រួមមាន៖ ការលើកកម្ពស់សមត្ថភាព មន្ត្រីជំនាញ និងគ្រូបបង្រៀនកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឱ្យមានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការស្រាវជ្រាវរៀន និងបង្រៀន-រៀន ឧបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងសម្ភារៈបច្ចេកទេសចាំបាច់នានា ដើម្បីផ្ដល់លទ្ធភាពគ្រប់គ្រាន់ ដល់អង្គភាពជំនាញ សាលារៀនអាចអនុវត្តនូវការអប់រំបានដោយគុណភាព និងប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍រវាងគ្នាទៅវិញទៅមកដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការ នៃភាគីទាំងពីរ។

សមិទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីររួមមាន៖ ការងារអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន សរុបចំនួន ២៨៥នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការបង្រៀន-រៀន និងស្រាវជ្រាវ នៅទីក្រុងប៊ូសាន។ ការគាំទ្រលើធនធានសម្ភារក្រសួងបានទទួលកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ (Laptop) និង Tablet គ្រឿងបន្លាស់កុំព្យូទ័រ ហើយបានបែងចែកទៅអង្គភាពជំនាញ និងគ្រឹះស្ថានគោលដៅនានា សម្រាប់អនុវត្តការបង្រៀន-រៀន ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

នេះការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ឆ្លើយតបនឹងបដិវត្តឧស្សាហកម្ម ការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានក្លាយ ជាកត្តាគន្លឹះចម្បងមួយ ក្នុងការកំណត់នូវនិន្នាការវិវត្តនៃសង្គម និងសេដ្ឋកិច្ច នៃប្រទេសទាំងអស់នាពេលបច្ចុប្បន្ននេះ។ សមត្ថភាពធនធានមនុស្សខាងផ្នែកបំណិន សតវត្សទី២១ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺជាកត្តាជំរុញឧត្ដមភាពប្រកួតប្រជែង របស់កម្ពុជា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាដើម។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតលើអាទិភាពវិស័យអប់រំយើង តាមរយៈការអភិវឌ្ឍជំនាញ ការអប់រំ បណ្ដុះបណ្ដាលដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ និងបញ្ចូលការប្រើប្រាស់ និងការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សា ស្របតាមតម្រូវការទីផ្សារការងារ រួមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ដៃគូ វិស័យឯកជន និងភាគីពាក់ព័ន្ធនានា ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍ និងបណ្ដុះបណ្ដាលជំនាញឌីជីថលថ្មីៗ។

ឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តនូវគោលនយោបាយជាច្រើន ដើម្បីកែទម្រង់ និងទំនើបកម្មវិស័យអប់រំ យុវជន និងកីឡា និងបានដាក់ឱ្យអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងគោលបំណងបង្កើតនូវបរិយាកាសអំណោយផលនានា ដល់ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតសាលារៀន។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់អភិវឌ្ឍ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅឆ្នាំ២០១៨ ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី ដោយមានគោលដៅប្រើប្រាស់ដំណើរការគ្រប់គ្រង និងបែបបទការងារថ្មី ធ្វើទំនើបកម្មការអនុវត្តការងារ និងបង្កើនប្រសិទ្ធភាព តម្លាភាពការងារ។

បន្ថែមពីនេះ គោលនយោបាយ និងយុទ្ធសាស្ត្រនេះ ធ្វើឡើងដើម្បីបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មានឱ្យក្លាយជាឧបករណ៍សម្រាប់បង្រៀន-រៀន ចែករំលែកចំណេះដឹងក្នុងវិស័យអប់រំទាំងមូល សំដៅបំប៉នសិស្ស និស្សិតទទួលបាននូវចំណេះដឹងបំណិនចាំបាច់នានាឱ្យត្រូវនឹងបរិបទការងារ ក្នុងសតវត្សទី២១។ ភាពចាំបាច់ក្នុងការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាលើការងារបង្រៀន និងរៀនអាចធ្វើបានដោយជោគជ័យតម្រូវ ឱ្យមានការគាំទ្រលើការចំណុចមួយចំនួនរួមមាន៖ ការពង្រឹងសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ-សម្ភារបច្ចេកទេស អភិបាលកិច្ច-ការគ្រប់គ្រង និងការកៀរគរធនធានផ្នែកហិរញ្ញវត្ថុពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។

ការអប់រំឌីជីថល ពិតជាមានសារៈសំខាន់សម្រាប់ដំណើរការវិស័យអប់រំនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍៖ ដោយមិនគិតពីអាយុ យើងទាំងអស់គ្នាសុទ្ធ តែមានទូរស័ព្ទឆ្លាតវៃ (smartphone)។ Google Wikipedia Youtube ឥលូវ គឺដូចជាបណ្ណាល័យ វចនានុក្រម និងសៀវភៅសិក្សារបស់យើងគ្រប់គ្នាទៅហើយ។ ពេលយើងចង់ដឹងអំពីអ្វីមួយ យើងសួរ Google ឬ Wikipedia ពេលយើងចង់ចេះធ្វើអ្វីមួយ យើងមើល Youtube ហើយអនុវត្តតាម។ ដូចនេះ ការរៀនទទួលការផ្លាស់ប្ដូរនូវវិធីសាស្ត្របង្រៀនរបស់យើង ដោយបញ្ចូលបច្ចេកវិទ្យាព័ត៌មាន គឺមធ្យោបាយតែមួយគត់ដើម្បីសម្រេចគោលដៅដែលយើងចង់បានទៅដល់សិស្សានុសិស្សយើងទាំងអស់គ្នា។

ដើម្បីឱ្យការអនុវត្តលើការងារនេះបានជោគជ័យ ដោយក្នុងនោះក្រសួង បានសុំឱ្យរៀបចំជាក្រុមការងារលើកកម្ពស់ការអប់រំឌីជីថល ក្នុងគោលដៅការ លើកទឹកចិត្តឱ្យមានការធ្វើស្វ័យសិក្សាតាមរយៈការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើទំនើបកម្មវិធីសិក្សា សៀវភៅសិក្សាគោល កម្មវិធីព័ត៌មានវិទ្យា ដើម្បីបញ្ចូលចំណេះដឹងបច្ចេកវិទ្យា និងបំណិនស.វ.ទី២១ ជំរុញការអភិវឌ្ឍធនធានអប់រំអេឡិចត្រូនិក (E-Resources) សម្រាប់ផ្ដល់ការគាំទ្រដល់ការបង្រៀន និងរៀន (មាតិកាអប់រំអេឡិចត្រូនិក) ធានាដំណើរការអ៊ីនធឺណិតល្បឿនលឿន បម្រើការសិក្សា ស្រាវជ្រាវ និងការបំពេញការងារ នៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ៕