(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ សមាជិក សមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ បានរួមគ្នាបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលខ្វះឈាមចាំបាច់ សម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។
ឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលបានដឹកនាំសមាជិកសមាជិកា ទៅបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយសារទទួលបានព័ត៌មានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងខ្វះខាតឈាម និងត្រូវការឈាម ដើម្បីសង្គ្រោះជីវិតមនុស្សចាំបាច់នោះ ទើបរូបលោក បានអំពាវនាវដល់សមាជិកសមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម ខេត្តព្រះសីហនុ ដើម្បីបរិច្ចាគឈាមឲ្យបានច្រេីនសម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។
ផ្តើមពីបញ្ហានេះ ឧកញ៉ា វណ្ណ សុខហេង ដែលជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងនោះ ក៏បានអំពាវនាវដល់មន្ត្រីរាជការ, ប្រជាពលរដ្ឋ និងស្ថាប័នពាក់ពន្ធនានា ជាពិសេស លោក-លោកស្រី ដែលជាប្រធាន-អនុប្រធានសហគ្រាសធុនតូច និងមធ្យមទាំងអស់ នាខេត្តព្រះសីហនុ ជួយកៀរគរសមាជិកស្ម័គ្រចិត្តរបស់ខ្លួន ឲ្យមកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃខាងមុខទៀត ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត។
ឆ្លើយតបចំពោះកាយវិការមនុស្សធម៌នេះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានសាទរ ចំពោះសកម្មភាពមនុស្សធម៌ របស់សមាជិក-សមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលតែងចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់មកនេះ។
លោកវេជ្ជបណ្ឌិតថា គិតមកដល់ពេលនេះ គឺជាលើកទី៤ ហើយដែល លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បានដឹកនាំសមាជិកមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ស្របពេលមន្ទីរពេទ្យខេត្តព្រះសីហនុ កំពុងត្រូវការឈាមប្រើប្រាស់ប្រចាំថ្ងៃ ជាចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលមករកសេវាព្យាបាលជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕