(ស្ទឹងត្រែង)៖ ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារយកអំណោយជូនពលរដ្ឋក្រីក្រមួយគ្រួសារ មានជំងឺប្រចាំកាយដែលរស់នៅតំបន់ដាច់ស្រយាល ផ្លូវលំបាកក្នុងការធ្វើដំណើរ នៅភូមិអន្លង់ក្រមួន ដើម្បីយកអំណោយឲ្យផ្ទាល់ដៃ។
ថ្លែងក្នុងឱកាសនោះ លោក អៀង វ៉ាន់ឌី បានរំលឹកនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា សម្ដេចមិនបណ្ដោយឲ្យពលរដ្ឋណាម្នាក់ដាច់បាយស្លាប់នោះទេ ពោលនៅតំបន់ណាក៏ដោយ ត្រូវតែចុះយកអំណោយប្រគល់ជូនភ្លាមៗ។
ដោយអនុវត្តតាមប្រសាសន៍នេះហើយ ទើបនៅថ្ងៃនេះ លោក អៀង វ៉ាន់ឌី បានដឹកនាំក្រុមការងារយកអំណោយប្រគល់ជូនភ្លាមៗ ហើយលោកក៏បានផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែក្រើនរំលឹកដល់ក្រុមការងារ ត្រូវតែយកចិត្ដទុកដាក់ចំពោះការរស់នៅរបស់ពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ និងមានជំងឺប្រចាំកាយ។
អំណោយដែលជាទឹកចិត្តរបស់លោក និងក្រុមការងារ ដែលត្រូវបានប្រគល់ជូនពលរដ្ឋ ឈ្មោះ ហង្ស វ័ន អាយុ៧៥ឆ្នាំ រស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ នៅពេលនោះរួមមាន អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ០៦យួរ ត្រីខ០២យួរ, ទឹកត្រី០២យួរ, សារ៉ុង០២, មុង០២, ថ្នាំពេទ្យ០៤មុខ និងថវិកាទាំងរបស់លោកផ្ទាល់ និងក្រុមការងារ សរុបប្រមាណ១លានរៀល។
និយាយទាំងអារម្មណ៍រំភើបរីករាយ អ៊ុស្រី ហង្ស វ័ន បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈលោក អៀង វ៉ាន់ ដែលបានយកអំណោយមកប្រគល់ជូនខ្លួន ដែលកំពុងតែជួបការលំបាកជាខ្លាំង និងប្ដេជ្ញាចិត្តថានឹងបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងគណបក្សប្រជាជនកម្ពុជាជារៀងរហូតទៅ៕