(កោះកុង)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយពង្រឹងមូលដ្ឋាន ស្រុកគីរីសាគរ ខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិកថ្មីរបស់ខ្លួនចំនួន ១៤៤រូប របស់សគណបក្សប្រជាជនកម្ពុជា សម្រាប់ចុះជួយឃុំចំនួន៣ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។
ពិធីប្រកាសសមាសភាពនេះ បានធ្វើឡើងនៅបក្សស្រុកគិរីសាគរ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ប្រធាន អនុប្រធាន សាខាបក្សភូមិ-ឃុំ ក្នុងស្រុក ចូលរួមយ៉ាងច្រើនផងដែរ។ ក្រុមការងារទាំង៣ឃុំនោះរួមមាន៖ ឃុំកោះស្ដេច, ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់។
នៅក្នុងឱកាសនេះដែរលោក ឥត សារ៉ាត់ បានថ្លែងថា ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំរបស់សមាជិកបក្សទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធិផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ ពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
បន្ថែមពីនេះលោក ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់ លោកអស់លោកជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំទាំងបី របស់ស្រុកគិរីសាគរ និងសមាជិកចាស់ដែលមានស្រាប់ទាំងអស់ឱ្យបន្តស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាព ក្នុងមូលដ្ឋានភូមិ-ឃុំមានសុវត្ថិភាព ដោយបំបាត់ឱ្យអស់ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ និងភាពអណាធិបតេយ្យនានាដែលកើតមានឡើង ក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ដោយឡែកសម្រាប់ក្រុមការងារថ្មី ដែលទើបប្រកាស ក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយត្រូវចេះជួយប្រជាជនដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន គ្រប់កាលៈទេសៈ។
នៅក្នុងឱកាសនោះដែរលោក ឃឹម ចាន់ឌី ប្រធានគណបក្សមូលដ្ឋានស្រុកគិរីសាគរ ខេត្តកោះកុង ក៏បានឡើងអាននូវសេចក្តីប្រកាស របស់គណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកថ្មីទាំង ១៤៤រូប សម្រាប់ចុះជួយមូលដ្ឋានឃុំទាំង៣ របស់ស្រុកគីរីសាគរ ជាផ្លូវការគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ ដែលក្នុងនោះសេចក្តីសម្រេចបានប្រកាសបង្ហាញមុខលោក ឥត សារ៉ាត់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារដឹកនាំរួម ព្រមទាំងសមាជិកចំនួន ២៥ រូបផ្សេងទៀត ក្នុងការដឹកនាំចុះជួយស្រុកគិរីសាគរ ក៏បានប្រកាសលោក ចាន់ សុភក្ត្រា ជាប្រធានក្រុមការងារចុះជួយឃុំកោះស្ដេច រួមនឹងសមាជិកចំនួន ៣១រូប, លោក មុន្នី ហោរ៉ាត ជាប្រធានក្រុមការងារចុះជួយឃុំភ្ញីមាស រួមជាមួយសមាជិកចំនួន ៣៦រូប, លោក អ៊ុវន្នី ជាប្រធានក្រុមការងារចុះជួយឃុំព្រែកខ្សាច់ រួមនឹងសមាជិកចំនួន ៣២រូប ព្រមទាំងប្រកាសក្រុមជំនួយការបូកសរុប និងសម្របសម្រួលដែលដឹកនាំ ដោយលោក អ៊ុក សារិន ជាប្រធាន រួមជាមួយសមាជិកក្រុមការងារចំនួន ១៦នាក់ផងដែរ។
គួរបញ្ជាក់ថា ប្រធានអនុប្រធាន និងសមាជិកថ្មីទាំង ១៤៤រូប ដែលត្រូវប្រកាសបង្ហាញមុខ សម្រាប់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំទាំងបី របស់ស្រុកគិរីសាគរ ខេត្តកោះកុង របស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ ភាគច្រើនមកជាសមាសភាព សមាជិកគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជានៅថ្នាក់លើ៕