(សានទុង, ចិន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយានថាយ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ប្រមាណជាង ២០រូប។​ ពិធីនេះធ្វេីឡេីងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺជាច្រកទ្វារមួយសម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិនចិន នៅក្នុងខេត្តសានទុង និងខេត្តដទៃទៀត នៃប្រទេសចិន ដែលមានបំណងទស្សនា ឬ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានស្នើលោកស្រី ចាង យ៉ាម៉ី ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ ឱ្យបានអតិបរមា ដើម្បីទាក់ទាញការបញ្ជាទិញពីទីផ្សារប្រទេសចិន និងជំរុញការនាំចេញផលិតផលជាតិ។

បន្ទាប់មក លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញពិភាក្សាការងារជាមួយ លោក ចាង តៃលីង អភិបាលរងក្រុងយានថាយ នៅសណ្ឋាគារ Golden Gulf នាទីក្រុងយានថាយ ដើម្បីស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងទីក្រុងយានថាយ ប្រទេសចិន។ លោកអភិបាលរងក្រុង បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ទីក្រុងយានថាយ ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ (២០១១-២០១៨) ដែលមានកំណើន ៥០០ដង។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ លោក ចាង តៃលីង ដែលបានគាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយានថាយ និងបានជម្រាបជូនលោកអភិបាលរងក្រុង អំពីសក្តានុពលប្រទេសកម្ពុជា ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងគោលនយោបាយគាំពារវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសំណូមពរលោកអភិបាលរងក្រុង ជួយជំរុញវិនិយោគិនចិន ចូលទៅបណ្តាក់ទុនថែមទៀតនៅកម្ពុជា។

 នៅរសៀលថ្ងៃដដែល លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបន្តដំណើរជួបពិភាក្សាការងារជាមួយ លោកស្រី រិន អាយរ៉ុង អភិបាលរងខេត្តសានទុង នៅសណ្ឋាគារសានទុង ក្នុងទីក្រុងជីណាន។

នៅក្នុងជំនួប លោកជំទាវអភិបាលរងខេត្ត បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានជម្រាបជូនអំពីប្រវត្តិខេត្តសានទុង និងចំនួនក្រុមហ៊ុននៃខេត្តសានទុង ដែលបានកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោកស្រី​ រិន អាយរ៉ុង ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្រ្តី ជួយគាំទ្រគម្រោងរបស់វិនិយោគរបស់ខេត្តសានទុង លើការបង្កើតសួនឧស្សាហកម្ម និងគ្រឿងម៉ាស៊ីន នៅកម្ពុជា។

 ជាការឆ្លើយតប លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រពេញទំហឹងចំពោះគម្រោងវិនិយោគខាងលើ និងបានថ្លែងអំណរគុណ លោកស្រី រិន អាយរ៉ុង ដែលកន្លងមកបានខិតខំជំរុញវិនិយោគិនខេត្តសានទុង ឱ្យចូលទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា រហូតដល់ ១១២ក្រុមហ៊ុន។

លោករដ្ឋមន្រ្តី បានសន្យាជួយសម្របសម្រួលធុរកិច្ច ដល់វិនិយោគិនខេត្តសានទុងទាំងអស់ និងបានសំណូមពរ លោកស្រីអភិបាលរងខេត្ត ជួយជំរុញពាណិជ្ជករចិន ធ្វើការទិញកសិផលពីកម្ពុជាឱ្យបានអតិបរិមា ដូចជា អង្ករ ស្វាយ ដំឡូងមី មៀន ចេក និងផលិតផលផ្សេងៗទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន៕