(ប្រុចហ្ស៊ែល)៖ សមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យសហភាពអឺរ៉ុប (EU) ប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ នេះបើតាមសេចក្តីថ្លែងការណ៍ បណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី១០ ខែឧសភានេះ។
ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា កម្ពុជាដែលជាប្រទេសក្រោយសង្គ្រាម និងអភិវឌ្ឍន៍តិចតួចបំផុត បានទទួលអត្ថប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មបែបនេះ។ កម្មកររោងចក្រកម្ពុជា ប្រហែល១លាននាក់ ភាគច្រើនជាស្រ្តីមកពីជនបទ បានទទួលការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ ដែលទទួលបានការរួចពន្ធ និងគ្មានកូតាសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានកត់សម្គាល់ដោយសេចក្ដីពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តតាមការទាមទារ និងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប រួមទាំងអនុសញ្ញាចំនួន១៥ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិខាងការងារ ស្របទៅនឹងការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយសិទ្ធិការងារ ព្រមទាំងលំហសេរីភាពក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍លើកឡើងថា «យើងត្រូវយល់ថា ដំណើរការប្រជាធិបតេយ្យ គឺជាដំណើរការវែងឆ្ងាយមួយ។ ការកើនឡើងចំនួនប្រជាជនវណ្ណៈកណ្តាល ក្នុងប្រទេសកម្ពុជា បានរួមចំណែកយ៉ាងច្រើន ដល់ការរួមបញ្ចូលគ្នាពេញលេញ នៃតម្លៃប្រជាធិបតេយ្យ និងការស្ថាបនាស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមចំណែកយ៉ាងច្រើន ដល់មូលដ្ឋានសេដ្ឋកិច្ច នៃរបបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានសង្កត់ធ្ងន់ថា «យើងស្នើសហភាពអឺរ៉ុបពិចារណាទៅតាមនេះ ពាក់ព័ន្ធនឹងសេចក្តីសម្រេចថា តើត្រូវដក EBA ពីកម្ពុជា ឬអត់។ ប្រជាជនកម្ពុជា បានទទួលរងការឈឺចាប់គ្រប់គ្រាន់ហើយ ពួកគេស័ក្តិសមនឹងរស់នៅក្នុងសន្តិភាព វិបុលភាព និងសុភមង្គល។ យើងចង់ឃើញប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជារីកចម្រើន និងការពង្រឹងសេដ្ឋកិច្ច ដោយមានការយល់ និងគាំទ្រពីសហគមន៍អន្តរជាតិ»។
សូមជម្រាបថា គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធី ព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្ពុជាមានរយៈពេល៦ខែក្នុងតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរក្សានូវ EBA នេះ។
ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលការបកស្រាយរបស់កម្ពុជា ហើយចុងក្រោយសភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាមែននោះ ការព្យួរ EBA នេះ នឹងចូលជាធរមានក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ៕