(ព្រៃវែង)៖ បន្តពីកិច្ចប្រជុំលើកដំបូងនៅទីរួមខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩កន្លងទៅរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាភ្នំ សរុបសមាជិកនិងអ្នកពាក់ព័ន្ធប្រមាណ៥០០នាក់ បានជួបប្រជុំគ្នាពិភាក្សាលើផែនការសកម្មភាពរបស់ខ្លួនសម្រាប់រយៈពេលខាងមុខសំដៅត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៃកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
បន្ទាប់ពីការពិភាក្សាលើផែនការការងារជាក់ស្តែង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក៏បានរៀបចំកំលាំងសរុបតាមឃុំនីមួយៗនៅទូទាំងស្រុក ដើម្បីជំរុញការអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធិភាព។
លោក ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាភ្នំ បានវាយតម្លៃខ្ពស់អំពីការខិតខំសម្រេចភារកិច្ចរបស់មន្ត្រីក្រុមការងារទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋាន ក្នុងការអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលតាំងពីដើមរហូតរៀងមក។
ដើម្បីបន្តរួមចំណែកយ៉ាងសកម្មជំរុញបុព្វហេតុរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់សង្គមជាតិ អង្គប្រជុំបានឯកភាពទាំងស្រុងលើការវាយតម្លៃរបស់គណបក្ស និងរាជរដ្ឋាភិបាលចំពោះសភាពការណ៍តាមមូលដ្ឋានទូទាំងប្រទេសនាពេលបច្ចុប្បន្ន និងប្តេជ្ញាខ្ពស់ចូលរួមយ៉ាងសកម្មនិងជាក់ស្តែងបំផុត គាំទ្រនូវរាល់វិធានការចាំបាច់ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសលិខិតណែនាំចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ «អំពីការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដើម្បីពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទូទាំងប្រទេស» ក្នុងការទប់ស្កាត់ និងធ្វើឱ្យបរាជ័យនូវឧបាយកលនិងសកម្មភាពគ្រប់រូបភាពនៃចលនាបដិវត្តន៍ព័ណនៅកម្ពុជាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕