(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាជាមួយស្ថាប័ន Dunhuang Academy នៃសាធារណរដ្ឋប្រជាមានិតចិន លើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាព និងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្ត។
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Zhao Shengliang នាយកប្រតិបត្តិនៃស្ថាប័ន Dunhuang Academy។
អនុស្សរណៈនេះមានសុពលភាពរយៈពេល ៣ឆ្នាំ ដែលមានខ្លឹមសារសំខាន់ៗផ្តោតលើការសិក្សាប្រៀបធៀបស្តីពី សិល្បព្រះពុទ្ធសាសនា ផ្លាស់ប្តូរការសិក្សាស្តីពី ការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ផ្លាស់ប្តូរគ្នាអំពីការប្រើប្រាស់ឯកសារស្រាវជ្រាវរួមគ្នា បង្កើតគម្រោងស្រាវជ្រាវរួមគ្នា ផលិតវីដេអូ និងរៀបចំពិព័រណ៍ផ្សព្វផ្សាយរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងរមណីយដ្ឋានរូងភ្នំ Mangao ផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវប្បធម៌រវាងស្ថាប័នទាំងពីរ។
តាមរយៈកិច្ចសហការនេះ អាជ្ញាធរជាតិអប្សរា រំពឹងថានឹងទទួលបានការរីកចម្រើនទាំងផ្នែកធនធានមនុស្ស ក្នុងកិច្ចអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងការផ្សព្វផ្សាយទូលំទូលាយទៅកាន់ពិភពលោកអំពីរមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា ស្ថាប័ន Dunhuang Academy គឺជាស្ថាប័នចម្រុះ និងជាវិទ្យាស្ថានបណ្ឌិតសភា ដែលបង្កើតឡើងដោយរដ្ឋាភិបាលចិន នៅក្នុងឆ្នាំ១៩៩៤ ដើម្បីទទួលបន្ទុកការងារផ្នែកអភិរក្ស ស្រាវជ្រាវ និងផ្សព្វផ្សាយរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាស្ថាប័នជាតិអភិរក្សបុរាណវត្ថុល្បីៗនៅប្រទេសចិន៕