(ព្រះសីហនុ)៖ សមាជិក សមាជិក នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ នឹងរួមគ្នាបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកឈាមជួយផ្តល់ជូនអ្នកជំងឺមានជីវភាពក្រីក្រ ហើយខ្វះលទ្ធភាពរកឈាម ឬទិញឈាម។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បានលើកឡើងថា ដោយសារមន្ទីរពេទ្យមានកង្វះខាតឈាមមួយចំនួន សម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់នោះ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ នឹងមានពិធីប្រមូលផ្តុំបរិច្ចាកឈាម ជាលក្ខណៈស្ម័គ្រចិត្តមួយ ដើម្បីផ្តល់ឈាមមនុស្សធម៌ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

តាមរយៈអង្គភាពសារព័ត៌មាន Fresh News លោកឧកញ៉ា វណ្ណ សុខហេង ដែលជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធនានា ជាពិសេស លោក-លោកស្រី ដែលជាប្រធាន អនុប្រធានសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តព្រះសីហនុ មេត្តាជួយកៀរគរសមាជិកស្ម័គ្រចិត្តរបស់ខ្លួន ឲ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឬយ៉ាងហោចណាស់ ក្នុងមួយស្ថាប័នឲ្យបាន ៥នាក់។ ពិធីបរិច្ចាគនេះនឹងធ្វើឡើង នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចាប់វេលាម៉ោង ៨ព្រឹកតទៅ។

លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងសាទរ ចំពោះសកម្មភាពមនុស្សធម៌របស់សមាជិកសមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលតែងតែមកចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់មកនេះ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា វាជាលើកទី៥ ហើយដែលលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បានដឹកនាំសមាជិកមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ស្របពេលមន្ទីរពេទ្យនេះ ត្រូវការឈាមប្រើប្រាស់ប្រចាំថ្ងៃ ជាចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស៕