(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គបានក្លាយទៅជាឆ្មាំការពារព្រៃឈើរបស់កម្ពុជា និងជំរុញចិត្តដល់ព្រះសង្ឃរាប់លានអង្គដទៃទៀតទូទាំងពិភពលោក។
មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងធ្វើការបញ្ចាំងខ្សែភាពយន្តឯកសាររឿង ឆ្មាំព្រៃ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នាវេលាម៉ោង៣រសៀល ខាងមុខនេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានសូមគោរពយាង និមន្ត និង អញ្ជើញ ព្រះសង្ឃ សិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីការទូត អ្នកសារព័ត៌មាន និងសាធារណជន ឲ្យចូលរួមក្នុងការបញ្ចាំងខ្សែភាពយន្តនេះ។ នាយកផលិតកម្មគឺ លោក ឆាំង យុ និងផលិតករនិងអ្នកថតខ្សែភាពយន្ដគឺ លោក អ៊ូច មករា នឹងចូលរួមជាមួយនឹងព្រះតេជគុណ ប៊ុន សាលួត ដែលជាវីរបុរសថែរក្សាព្រៃឈើកម្ពុជាមួយអង្គ ដើម្បីពិភាក្សានិងឆ្លើយតបសំណួររបស់ទស្សនិកជនបន្ទាប់ពីការបញ្ចាំងខ្សែភាពយន្ត។ សូមចូលរួមដោយសេរី។
រឿងឆ្មាំព្រៃ បង្ហាញអំពីសកម្មភាពរបស់ព្រះតេជគុណ ប៊ុន សាលួត ក្នុងការរៀបចំយុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងស្រុកអន្លង់វែង ពីការរុករានរបស់អ្នកកាប់បំផ្លាញព្រៃឈើ ព្រានប្រមាញ់សត្វព្រៃ និងសត្វរស់នៅក្នុងទឹក ក៏ដូចជាការរុករកធនធានរ៉ែខុសច្បាប់។ ព្រះតេជគុណបានខិតខំតតាំងនឹងការគំរាមកំហែង និងការបំភិតបំភ័យ ដោយកេណ្ឌព្រះសង្ឃដទៃទៀត ព្រមទាំងនិមន្តចាកចោលការរស់នៅក្នុងវត្តអារ៉ាមដោយស្ងប់សុខ ទៅគង់នៅក្នុងព្រៃស្មសាន។ ព្រះតេជគុណបដិសេធចំពោះការប្រើអាវុធ ឬការគំរាមកហែងប្រឆាំងនឹងអ្នកប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ ដោយពឹងផ្អែកលើកម្លាំងបញ្ចុះបញ្ចូលដ៏វិសាមញ្ញរបស់ព្រះតេជគុណ និងអាជ្ញាធរក្នុងតំបន់។ ដំណឹងទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគុណបានលេចឮទៅដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រគេនមុខងារផ្លូវការជូនព្រះសង្ឃដ៏ពិសេសអង្គនេះ ក្នុងការការពារព្រៃឈើប៉ែកខាងជើងរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រគេនព្រះតេជគុណនូវធនធានរដ្ឋាភិបាលក្នុងការយាមល្បាតព្រៃនេះ។
ខ្សែភាពយន្តឆ្មាំព្រៃនេះ បង្ហាញអំពីតួនាទីដឹកនាំជាគម្រូរបស់ព្រះតេជគុណ ប៊ុន សាលួត មិនត្រឹមតែក្នុងនាមជាព្រះសង្ឃនៃព្រះពុទ្ធសាសនាមួយអង្គតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាបុគ្គលតំណាងឲ្យដីកាសាសនាដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារនិងថែរក្សាភពផែនធម្មជាតិដ៏មានតម្លៃរបស់យើងដែលស្ថិតនៅក្រោមការគំរាមកំហែង។
រឿងឆ្មាំព្រៃ ឆ្លុះបញ្ចាំងអំពីជីវិតគួរជាទីកោតស្ញប់ស្ញែងនៃសមាគមព្រះសង្ឃមួយ ដែលបានស្ម័គ្រចិត្តបំពេញតួនាទីជាអ្នកការពារ និងអ្នកថែរក្សាលំនៅស្ថានធម្មជាតិរបស់យើង។ សកម្មភាពនេះគឺជាគម្រូមួយ ដែលបច្ចុប្បន្នត្រូវបានអនុវត្តតាម នៅឯបណ្តាប្រទេសដទៃទៀតក្នុងពិភពលោក។
នៅក្នុងខ្សែភាពយន្តឯកសារនេះ ព្រះតេជគុណ ប៊ុន សាលួត ពិពណ៌នាអំពីមូលហេតុដែលព្រះតេជគុណ សម្រេចចិត្តក្លាយខ្លួនជាអ្នកថែរក្សាព្រៃឈើមួយអង្គ និងថាតើគោលការណ៍នៃព្រះពុទ្ធសាសនាគាំពារដល់ការការពារបរិស្ថានយ៉ាងដូចម្តេច។ តំបន់ដែលស្ថិតក្រោមការថែរក្សារបស់ព្រះតេជគុណ បច្ចុប្បន្នបានលាតសន្ធឹងលើក្រឡាផ្ទៃសរុបចំនួនប្រមាណជាង ៣ម៉ឺន២៥៤ ហិចតា។
តំបន់ព្រៃនេះគឺត្រូវបានស្គាល់ថាជា «ព្រៃសង្ឃរុក្ខវ័ន» ស្ថិតក្នុងស្រុកអន្លង់វែង ដែលជាទីតាំងកាន់កាប់ចុងក្រោយបំផុតនៃចលនាតស៊ូរបស់កងទ័ពខ្មែរក្រហម និងអ្នកដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា៕