(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើប្រធានបទ២ សំខាន់ «ទី១ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ទី២ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ» នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។
លោក ហ៉ីង ធីឫទិ្ធ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានថ្លែងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ គឺមានរយៈពេល ៨ថ្ងៃតែប៉ុណ្ណោះ ខុសពីអាណត្តិទី១ និងអាណត្តិទី២ ដែលមានរយៈពេល ១៥ថ្ងៃ។ គណបក្សនយោបាយ ដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងហោចណាស់ឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។
ចំពោះការដាក់ពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹងដែលជាប្រធានបទទី២ លោកប្រធានបានបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយដែលប្រព្រឹត្តអំពើផ្ទុយពីច្បាប់បោះឆ្នោត។ ពាក្យបណ្តឹងត្រូវដាក់ទៅ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃកើតហេតុ ឬប្តឹងទៅ គ.ជ.ប ក្នុងករណីមិនសុខចិត្តនឹងលិខិតជូនដំណឹង ឬសេចក្តីសម្រេចរបស់ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងបដិសេធ ឬសេចក្តីសម្រេចរបស់ គធ.ខប។
ពាក់ព័ន្ធនឹងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ គឺមានតំណាងគណបក្សនយោបាយ ចំនួន៥រូប និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៥រូប បានចូលរួមសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែល គ.ជ.ប បញ្ជាទិញទឹកខ្មៅជ្រលក់ម្រាមដៃនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌា ចំនួន៥៣០ដប។ ជាបទពិសោធន៍ និងជាលទ្ធផលក្រោយពេលសាកល្បងបង្ហាញឱ្យឃើញថា ទឹកខ្មៅនេះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះ ទោះបីជាបានប្រើទឹកលាងសម្អាតរហូត ៥ប្រភេទក៏ដោយ។
ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះនេះ ត្រូវបានក្រុមហ៊ុនធានាអះអាងថា មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពឡើយ ដោយផលិតពីសូលុយស្យុងប្រាក់នីត្រាត ដែលមានកំហាប់ប្រាក់ប្រមាណ២៥%។
ឆ្លៀតក្នុងឱកាសនេះ លោក ឌឹម សុវណ្ណារុំ ក៏បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែឧសភា មានភ្នាក់ងារគណបក្សនយោបាយ ចំនួន៧០៤នាក់ និងអ្នកសង្កេតការណ៍ចំនួន៦១៩នាក់ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងជាសាក្សីនៃការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅ ១៦ថ្ងៃទៀត គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕