(បាត់ដំបង)៖ មន្រ្ដីការិយាល័យគយ និងរដ្ឋាករអូររំដួល នៃសាខាគយ និងរដ្ឋាករខេត្ដបាត់ដំបង រួមទាំងសមត្ថកិច្ចមាត់ច្រក បានចាប់ឃាត់ និងដុតកម្ទេចចោលនូវ សាច់មាន់ និងជង្គង់មាន់ខូចគុណភាព សរុបចំនួន១២៧គីឡូក្រាម ដែលបានលបលួចនាំចូលតាមច្រកអូររំដួល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ។
មន្ដ្រីគយអូររំដួល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ប្រតិបត្តិការបង្ក្រាបលើកនេះ ជាលើកទី១ហើយ ដែលសមត្ថកិច្ចគយ បានធ្វើលើមុខទំនិញដូចនេះ បន្ទាប់ពីមន្ត្រីកាំកុងត្រូល ត្រូវបានដកចេញពីមាត់ច្រកព្រំដែន។
បើតាមមន្ដ្រីគយដដែលរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មុនទិញមកទទួលទាន ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាព និងណែនាំដល់អាជីវករទាំងអស់បញ្ឈប់ការលក់ចែកចាយ នូវទំនិញខូចគុណភាពទាំងអស់នេះបន្ដទៀត បើមិនដូច្នេះសមត្ថកិច្ចនឹងអនុវត្តផ្លូវច្បាប់ជាមិនខាន៕