(ស្វាយរៀង)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ៣គ្រួសារ អំពាវនាវរកយុត្តិធម៌ និងសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយការពារទីកន្លែងបូជា បញ្ចុះសព និងខឿនតម្កល់ធាតុដូនតា ដែលកំពុងរងការចាក់ដី និងឈួសឆាយ រំលោភយក ទៅធ្វើជាកម្មសិទ្ធិដោយអយុត្តិធម៌ពីក្រុមគ្រួសារមួយ ដោយសំអាងថា គេមានបណ្ណ័កម្មសិទ្ធិ ដែលមានព្រំប្រទល់ខាងលិច ទល់ផ្លូវលំធ្វើឲ្យប៉ះពាល់ដីទួលបូរាណទីបូជា និងបញ្ចុះសពពីដូនតាដែលមានទំហំទទឹង១៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដែលមានផ្នូរនិងខឿនតម្កល់ធាតុដូនតា រួមទាំងដើមឈើហូបផ្លែជាច្រើនទៀត។
ករណីព្រះសង្ឃ និងប្រជាពលរដ្ឋរងគ្រោះអំពាវនាវនេះ កើតឡើងកាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមអ្នកស្រី ញាណ សឿន អាយុ៦១ឆ្នាំ តំណាងគ្រួសាររងគ្រោះ បានឲ្យដឹងថា ដីទំនាស់នេះ គឺជាដីទួលបុរាណសម្រាប់បូជា និងបញ្ចុះសព ហើយដូនតាគាត់ បានសាងសង់ខឿនតម្កល់ធាតុ តាំងពីបុរាណមករហូតដល់បច្ចុប្បន្ន។ ពីដើមឡើយគឺផ្ទៃដីទទឹង១៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដែលមានផ្លូវរទេះបណ្តោយទួល ពីត្បូងទៅជើងហើយខាងកើត ទួលមានដីស្រែអំពក១ ចាស់ទុំបានដាំដើមត្នោត ដើមឈើព័ទ្ធជុំវិញស្រែ និងទួលជាដីកេរ្ត៍ពីដូនតា និងសង់អណ្តូងទឹក១ សម្រាប់អ្នកភូមិប្រើប្រាស់។
លោកស្រីបានឲ្យដឹងថា លុះឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ៧មករា អ្នកស្រី និងក្រុមគ្រួសារបងប្អូន បានមករស់នៅជិតទួលបុរាណនេះ ដែលជាដីកេរពីដូនតា ហើយបានគ្រប់គ្រងថែរក្សា និងដាំដើមស្វាយជាង១០ដើម នៅលើទួលនេះថែរក្សាអណ្តូងទឹកបុរាណប្រើប្រាស់បន្ត ពុំមានទំនាស់ទេ។ ចំណែកដីស្រែអំពក១ប៉ែកខាងកើត ទួលលោកមេភូមិបានដកយកទៅចែកឱ្យឈ្មោះ ភោក សំអឿន និងប្រពន្ធឈ្មោះ ស្រី ផា ធ្វើស្រែ។
ប្រភពបន្តទៀតថា ដល់ឆ្នាំ១៩៩០ គាត់បានធ្វើរបងការពារ ដំណាំលើទួលនេះ និងផ្នូរខឿនតម្តល់ធាតុ ដល់ឆ្នាំ១៩៩១ ក៏បានជួសជុលខឿនតម្កល់ធាតុដូនតា ឲ្យបានស្អាត ពុំមានទំនាស់ឡើយ។ រហូតដល់ឆ្នាំ២០១៧ នៅភូមិថ្នល់ទទឹង បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ (ផ្លូវរទេះអភិវឌ្ឍន៍ជាផ្លូវលំ) មន្ត្រីសុរិយោដី មិនបានចេញបណ្ណ័កម្មសិទ្ធិឲ្យទេ ដោយទុកជាចំណីផ្លូវ ហើយដីសល់ពីចំណីផ្លូវតិចទួច មិនចេញបណ្ណឲ្យជាកម្មសិទ្ធិទេ ទុកជាដីរដ្ឋតែទុកឲ្យម្ចាស់គ្រប់គ្រងថែរក្សាប្រើប្រាស់ធម្មតា។
ក្រោយពីឈ្មោះ ស្រី ផា ទទួលបានវិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិ ដាក់ព្រំប្រទល់ខាងលិច ដល់ផ្លូវលំទើបទម្នាស់ផ្ទុះឡើង នៅឆ្នាំ២០១៨ ឈ្មោះស្រី ផា ទាមទាឲ្យគ្រួសារជនរងគ្រោះឈ្មោះ ញាណ សឿន លើកខឿនតម្កល់ធាតុដូនតា និងកាប់ដំណាំដើមឈើ យកចេញពីមុខដីរបស់គេ។
គ្រួសារជនរងគ្រោះ បានប្តឹងសុំឲ្យអាជ្ញាធរដោះស្រាយ លោកអភិបាលរងខេត្ត បានដឹកនាំអាជ្ញាធរក្រុងសង្កាត់មេភូមិ និងមន្ត្រីសុរិយោដីក្រុងខេត្តពិនិត្យឃើញថា ដីទំនាស់ជនរងគ្រោះគ្រប់គ្រង នៅឆ្នាំ១៩៧៩ តពីដូនតា មកមានខឿន តម្កល់ធាតុតាំងពីបុរាណដើមស្វាយ ដើមត្នោត អណ្តូងទឹកបុរាណនៅលើទួលនេះ ឯភាគីម្ខាងសំអាងលើបណ្ណកម្មសិទ្ធិ និងយោងប្រកាស់របស់ក្រសួង វិវាទដីធ្លីដែលបានចុះបញ្ជីសុរិយោដីរួចហើយជា សមត្ថកិច្ចរបស់តុលាការ ទើបអាជ្ញាធរចេញលិខិតឲ្យភាគីប្តឹងទៅតុលាការវិញ ហើយឈ្មោះ ស្រី ផា និងកូនឈ្មោះ ភោគ ដន មិនអនុវត្តតាមចេះតែបង្កចាក់ដីបំពានលើដីជនរងគ្រោះម្តងហើយម្តងទៀត។
ចំណែកស្រ្តីឈ្មោះ ស្រី ផា អាយុ៥៨ឆ្នាំ និងកូនឈ្មោះ ភោក ដន បាននិយាយថា នៅឆ្នាំ១៩៧៩ រដ្ឋបានចែកដីស្រែឲ្យជាប់ទួលបុរាណនោះ ធ្វើស្រែរហូតដល់ឆ្នាំ១៩៩០ បានទៅសង់លំនៅឋាន លើដីស្រែនោះ រស់នៅបាន៤ឆ្នាំ មានកូន២នាក់ ហើយពេលរស់នៅផ្ទះនោះ គឺបានស្លាប់កូនម្នាក់ ក្រោយមករលូតកូនទី៣ ហើយបានស្លាប់ប្តីឈ្មោះ ភោគ សំអឿន ទៀតក្នុងឆ្នាំ១៩៩៦ ក្រោយពីធ្វើបុណ្យរួច ខ្លាចមិនហ៊ាននៅផ្ទះនេះ ក៏រុះរើចេញទៅរស់នៅជាមួយបងរហូតបច្ចុប្បន្ន។ នៅឆ្នាំ២០១៩នេះ បងស្រី ឲ្យចាក់ដីលើកភូមិសង់ផ្ទះរស់នៅវិញ ហើយដោយអាជ្ញាធរចេញបណ្ណកម្មសិទ្ធិរបស់គាត់ខាងលិចទល់ និងថ្នល់លំទើបគាត់ចាក់ដី យកដល់ថ្នល់លំ។
ទាក់ទិនករណីនេះដែរ លោក សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឈ្មោះ ស្រី ផា និងកូនបានទូរស័ព្ទសុំចាក់ដី លើដីទម្នាស់ ដើម្បីធ្វើផ្លូវចេញមករកថ្នល់ រូបលោក សេង សិលា ឆ្លើយថា លោកមិនហ៊ានអនុញ្ញាតទេ ពិព្រោះដីនេះមានទំនាស់ ហើយអាជ្ញាធរខេត្តបានចេញលិខិត ឲ្យភាគីទាំងពីទៅដោះស្រាយ នៅតុលាការបើភាគីណាឈ្នះក្តី យកទៅក៏ប៉ុន្តែភាគីស្រីផា និងកូនមិនប្តឹងទៅតុលាការបែរជា ដឹកដីយកមកចាក់តែម្តង ទើបផ្ទុះការតវា។
លោក សេង សិលា បានបន្តថា លោកធ្លាប់បានសួរទៅលោកប្រធានសាលាដំបូងខេត្តដែរ បញ្ហាផ្នូរខ្មោច និងខឿនតម្កល់ធាតុនេះ លោកប្រធានតុលាការ មានប្រសាសន៍មិនឲ្យប៉ះពាល់ ឬរុកគួនដល់ផ្នូរបញ្ចុះសព ឬខឿនតម្កល់ធាតុបានទេ។
បើតាមលោកមេភូមិថ្នល់ទទឹង បានឲ្យដឹងថា អាជ្ញាធរព្យាយាមសម្របសម្រួលសុំដីជនរងគ្រោះ ចំព្រំដីប៉ែកខាងត្បូងចំនួន៥ម៉ែត្រ ឲ្យទៅឈ្មោះស្រីផា ដើម្បីធ្វើផ្លូវចេញ គ្រួសារជនរងគ្រោះ បានយល់ព្រមឲ្យដី៥ម៉ែត្រនោះ ក៏ប៉ុន្តែភាគីស្រីផា និងកូនមិនព្រមទទួលយកដោយចង់បានទាំងអស់ ហើយចាក់ដីរំលោភ និងមានគម្រោងឈុសឆាយផ្នូរ និងខឿនតម្កល់ធាតុ និងដើមស្វាយចោលចេញពីមុខដីរបស់គេ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច មេត្តាដោះស្រាយចៀសវាងកើតមានអំពើហិង្សា៕