(កណ្តាល)៖ ក្រោយឃើញលោក សេង ប៊ុនថេង និងភរិយា បានបង្ហោះឃ្លីបវីដឺអូនៅតាមបណ្តាញព័ត៌មាន Facebook កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដែលបានចោទប្រកាន់ ទៅលើអាជ្ញាធរ និងសមត្ថកិច្ច ចូលឆែកឆេររហូតប្រើហិង្សាធាក់ទំលាយទ្ធារផ្ទះ ប្លន់យករថយន្តមួយគ្រឿងតម្លៃជាង ៥ម៉ឺនដុល្លារនោះ នៅពេលទាំងមន្រ្តីអាជ្ញាធរ និងនគរបាលស្រុកស្អាង បានចេញមកច្រានចោលទាំងស្រុង។
នៅក្នុងឃ្លីបវីដីអូនោះ ឈ្មោះ សេង ប៊ុនថេង និងភរិយា បាននិយាយថា កម្លាំងនគរបាលស្រុកស្អាងដឹកនាំបញ្ជារដោយលោក សេង សុជាតិ ដែលមានលោក ស៊ុប លាងសែ ជាអធិការរង ចុះអនុវត្តដឹកនាំកម្លាំងប្រមាណ ៥នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទៅឡោមព័ទផ្ទះរបស់គាត់ ហើយគំរាមវាយនឹងកាំភ្លើងទារយកសោរថយន្ត។ ពួកគាត់ចោទទៀតថា មិនតែប៉ុណ្ណោះ កម្លាំងបានចូលឆែកឆេរនៅក្នុងបន្ទប់កូនក្រមុំរបស់គាត់ រកកូនសោរថយន្ត ធ្វើឲ្យកូនក្រមុំរបស់គាត់ មានការភិតភ័យជាខ្លាំង រហូតដល់មានជម្ងឺទៀតផង។ លោក សេង ប៊ុនថេង និងភរិយា រស់នៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ដោយមានការបង្ហោះចោទប្រកាន់ទៅលើនគរបាលបែបនេះ ម្ចាស់បណ្តឹងឈ្មោះ ភាព ភ័ក្រ បានចេញមុខមកអះអាងថា សេង ប៊ុនថេង ជាអ្នករៀបដីឲ្យលោកក្នុងទំហំជាង ១១៥ហិចតា ហើយបានទទួលលុយពីលោកចំនួន៥ដង ស្មើ១៩៥០០០ដុល្លារ ជាដំណាក់កាលចុះក្រោយ លោកចុះទៅបោះបង្គោលកំណត់ព្រំដី ពេលនោះអត់មានដីឲ្យលោកដើរតែចង្អុលលើដីគេ។ ដោយអត់មានដីបែបនេះទើបលោកកាន់ឯកសារដែល សេង ប៊ុនថេង ផ្ទេរសិទ្ធិទៅឲ្យលោកទៅបង្ហាញអាជ្ញាធរឃុំ។
ពេលនោះអាជ្ញាធរឃុំចេញលិខិតបដិសេធមួយថា ឯកសារនោះមានភាពមិនប្រក្រតី។ ទើបលោកដាក់ពាក្យបណ្តឹងទៅនគរបាលស្រុកស្អាង ឲ្យជួយអន្តរាគមន៍ហៅឈ្មោះ សេង ប៊ុនថេង ទៅដោះស្រាយគ្នា ទើបក្រោយមកលោក សេង ប៊ុនថេង ចូលខ្លួនទៅដោះស្រាយគ្នា។ ពេលនោះនគរបាលបានសួរនាំពីឯកសារ ដែលអាជ្ញាធរអះអាងជាឯកសារមិនប្រក្រតី ចំណែកប្អូនគាត់មកចង្អុលលើដីគេពពាស ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូលខេត្តកណ្តាល ក៏ឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់។
លោកបានបន្តថា ក្រោយពីឃាត់ខ្លួនឈ្មោះ សេង ប៊ុនថេង ប្រពន្ធ សេង ប៊ុនថេង បានមកអង្វរលោកកុំឲ្យឃាត់ខ្លួនប្តីគាត់ ហើយបំភ្លឺថា លុយដែលប្តីគាត់យកទៅនោះ ប្តីគាត់មិនបានយកទៅទិញដីទាំងអស់ទេ មួយចំនួនយកទៅទិញឡាន ១គ្រឿង និងលួសឡាន ១គ្រឿង និងទិញដីសម្រាប់ទុកផ្ទាល់ខ្លួនមួយចំនួនផងដែរ។ ហើយភរិយាលោក សេង ប៊ុនថេង បានអង្វរថា លុយបាត់នោះចាំគាត់លក់ឡាន និងដីដែលទិញទុកនោះសង។
ពេលនោះលោកបានប្រាប់ភរិយាលោក សេង ប៊ុនថេង ថា បើចង់លក់ លក់ឲ្យប្រពន្ធខ្ញុំទៅបានថ្លៃ ក្រោយមកប្រពន្ធលោកបានទិញឡាននោះក្នុងតម្លៃ ៥ម៉ឺនដុល្លារ និងបានធ្វើក្រដាសទិញលក់ ដោយមានអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ស្រុកធ្វើសាក្សីពេលយកឡាននោះផងដែរ។ ថ្មីៗនេះបែរជាមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ថា នគរបាលចូលទៅធាក់ទ្វារផ្ទះចូលប្លន់យករថយន្ត ១គ្រឿងតម្លៃជាង ៥ម៉ឺនដុល្លារ និងចូលទៅរើកកាយ បន្ទប់កូនស្រីលោករកកូនសោររថយន្ត និងគំរាមបាញ់សម្លាប់ផងដែរ។
ការនិយាយបែបនេះ ជាការនិយាយមួលបង្កាច់ទៅស្រុង ហើយលោកសូមឲ្យបកស្រាយបំភ្លឺឡើងវិញ ក្នុងរយៈពេល១សប្តាហ៍ ហួសពីហ្នឹងលោកនឹងប្តឹង។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ឆេង កេង មេឃុំស្តីទីឃុំខ្ពប បានធ្វើការច្រានចោលដោយនិយាយថា ការលើកឡើងរបស់ឈ្មោះ សេង ប៊ុនថេង និង ភរិយានោះ គឺជាការមួលបង្កាច់ទាំងស្រុង ព្រោះហេតុការណ៍នោះ លោកក៏បានចូលរួមធ្វើជាសាក្សីក្នុងពេលដែលភរិយារបស់ឈ្មោះ សេង ប៊ុនថេង បានប្រគល់សោររថយន្តឲ្យទៅសមត្ថកិច្ចដែរ។ លោក ឆេង កេង បានបន្តទៀតថា ការដែលសមត្ថកិច្ចដកហូតរថយន្តពីឈ្មោះ សេង ប៊ុនថេង និងភរិយា គឺយោងតាមបណ្តឹងរបស់ឈ្មោះ ភាព ភ័ក្រ ដែលបានទិញដីពីឈ្មោះ សេង ប៊ុនថេង ហើយលឺថា ប្រគល់លុយជិតគ្រប់លុះពេល ភាព ភ័ក្រ ចុះបោះបង្គោលកំណត់ដីគ្មានដីឲ្យទើបដាក់ពាក្យបណ្តឹងតែម្តងទៅ។
ចំណែកលោក សេង សុជាតិ និងកងកម្លាំងនគរបាលស្រុក រហូតមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពប ក៏សម្តែងការហួសចិត្តពេលដែលឈ្មោះ សេង ប៊ុនថេង និងភរិយា និយាយមួលបង្កាច់បែបនេះ ។ លោក សេង សុជាតិ បានឲ្យដឹងថា កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានប្រាប់ឲ្យលោក ស៊ុប លាងសែ ដឹកនាំកម្លាំងចុះទៅរឹបអូសយករថយន្តពីភរិយារបស់ឈ្មោះ សេង ប៊ុនថេង បន្ទាប់ពីឃាត់ខ្លួនឈ្មោះ សេង ប៊ុនថេង រូបនេះ ដោយមានបញ្ជារពីព្រះរាជអាជ្ញាតាមបណ្តឹងរបស់ឈ្មោះ ភាព ភ័ក្រ ដែលប្តឹងចោទប្រកាន់ពីបទក្បត់ទំនុកចិត្ត៕