(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលបានធ្វើសកម្មភាពទូរស័ព្ទដៃជនជាតិជប៉ុនម្នាក់ មិនបានសម្រេចនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
របាយការណ៍របស់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងនគរបាលសហការ គ្នាតាមបង្ក្រាបបាននេះ នៅចំណុច Net មួយកន្លែងយីហោ (C.H) ស្ថិតក្នុងផ្ទះលេខ ៧៥ អាយ ផ្លូវ២៦៥ ក្រុមទី៣៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ និងបក្ខពួក (កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិជប៉ុនម្នាក់ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ តែមិនបានសម្រេចនោះទេ ដោយពួកគេជិះម៉ូតូម៉ាក Honda Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1GP-7899 សម្រាប់ធ្វើសកម្មភាព។
ដោយឡែកជនរងគ្រោះ ដែលជាជនជាតិជប៉ុនមានឈ្មោះ FUKUMOTO DAISUKE ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរដើរផ្សព្វផ្សាយសាសនា បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានបន្ថែមថា រហូតមកដល់ពេលនេះកម្លាំងនគរបាលជំនាញ កំពុងបន្ដធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកដែលកំពុងរត់គេចខ្លូន។ បច្ចុប្បន្នជនសង្ស័យដែលបង្ក្រាបបាន កំពុងធ្វើការសួរនាំ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕