(បារាំង)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិកនៃ អគ្គនាយកដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍនៃគណៈកម្មការអឺរ៉ុប ដើម្បីពិភាក្សាលើក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងសហភាពអឺរ៉ុប ។
ក្នុងជំនួបនោះអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនសមភាគីថា ក្រោមការដឹកនាំប្រកបដោយ ភាពប្រាកដនិយមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបាននៅការផ្លាស់ប្តូរដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យបន្ដថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧.៧% ក្នុងមួយឆ្នាំមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងបំណុលសាធារណៈល្អប្រសើរ តាមរយៈការដាក់ចេញវិធានការ កែទម្រង់ស៊ីជំរៅលើគ្រប់វិស័យ ដើម្បីបង្កើតបរិស្ថានធុរកិច្ចអំណោយផលជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មពី ភាគីមិត្តសហភាពអឺរ៉ុប។
លោក Pierre Amilhat បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែទម្រង់អភិវឌ្ឍន៍ និងការរីកចម្រើនផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈកាលពីរទសវត្សចុងក្រោយនេះ។
លោកបន្ដថា ផ្អែកបរិបទកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបាននូវគោលដៅអភិវឌ្ឍន៍តាមការគ្រោងទុក។ ជាមួយគ្នានេះសហភាពអឺរ៉ុប នៅតែតម្រង់ទិសនៃ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាព ដែលបាននឹងកំពុងអនុវត្តនៅកម្ពុជាដូចជា៖ វិស័យអប់រំ, កសិកម្ម, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាដើម។
ភាគីទាំងពីរក៏បានពិនិត្យពិភាក្សាលើ គម្រោងអាទិភាពដែលកំពុងអនុវត្ត គម្រោងក្នុងបញ្ជីបេក្ខភាពដែលនឹងត្រូវហិរញ្ញប្បទាន និងបញ្ហាផ្សេងៗជាគោលដៅអាទិភាព របស់សហភាពអឺរ៉ុបនៅកម្ពុជា និងបានឯកភាពជំរុញ អនុវត្តគម្រោងដែលបានចុះហត្ថលេខារួចហើយ ឲ្យមានភាពរលូនឆាប់រហ័យស្របតាម តម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា។
លោក Pierre Amilhat ក្នុងនាមជាអ្នកផ្តល់ហិរញ្ញប្បទានឥតសំណងបានចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការទឹកប្រាក់២៩.១លានអឺរ៉ូ រួមមាន៖ ឥណទានសម្បទានចំនួន២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤.១លានអឺរ៉ូពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទាន លើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍៕