Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា៖ ការរីកចម្រើននៃវិស័យអាណាចក្រ និងពុទ្ធចក្រ ជាសមិទ្ធផលថ្មីមួយ កើតឡើងក្រោយបញ្ចប់សង្រ្គាម

10-05-2019 16:11

(កណ្តាល)៖ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ បានធ្វើឲ្យវិស័យពុទ្ធចក្រ មានការីកចម្រើនជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្នមានវត្តអារាមគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា និងព្រះសង្ឃរាប់ម៉ឺនអង្គ ដែលមានប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិយ៉ាងច្រើនកុះករ។ ជាងនេះទៅទៀត វិស័យអាណាចក្រ និងពុទ្ធចក្រគឺត្រូវដើរទៅទន្ទឹមគ្នា បើអាណាចក្រ មិនរីកចម្រើននោះវិស័យពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ។ នេះជាការលើកឡើងរបស់លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ថ្លែងនៅក្នុងឱកាសដែលលោក និងលោកស្រី ព្រមទាំងលោកស្រី កូនប្រុស-ស្រី និងចៅប្រុស ចៅស្រី អញ្ជើញចូលរួមនៅក្នុងពិធីសែនក្រុងពិលី សុំសេចក្តីសុខ សិរីសួស្តី និងដង្ហែដុំនិមិត្តសីមា ទង់១២ម៉ែត ប្រទាក់សិនជុំវិញព្រះវិហារ និងបង្ហូតទង់សាសនាទាំង៦គូ ជុំវិញស្រះមជ្ជិលិន្ទ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តវិហារកំបោរ ស្ថិតនៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។

លោក ម៉ម ប៊ុននាង បានបន្ថែមថា សមិទ្ធិផលនេះបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើវិស័យអាណាចក្រ ក៏ដូចជាវិស័យពុទ្ធសាសនា និងជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀតរបស់វត្តវិហារកំបោរ ដែលបានកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនគ្រប់ មជ្ឈដ្ឋាន ដើម្បីឧទ្ទិសជូនព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនោះលោក ម៉ម ប៊ុននាង ព្រមទាំងលោកស្រី កូនប្រុស-ស្រី និងចៅប្រុស ចៅស្រី បានអញ្ជើញដង្ហែដុំនិមិត្តសីមា ទង់១២ម៉ែត ប្រទាក់សិនជុំវិញព្រះវិហារចំនួន០៣ជុំ និងបង្ហូតទង់សាសនាទាំង៦គូជុំវិញស្រះមជ្ជិលិន្ទផងដែរ។

បុណ្យបញ្ចុះខណ្ឌសីមា គឺជាបុណ្យ ឬពិធីបុណ្យឆ្លងមួយដ៏មហោឡារិកបំផុត ព្រោះវាជាការចាំបាច់ ដែលកាលណាព្រះវិហារត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ គេត្រូវតែធ្វើបុណ្យសម្ពោធអគារនេះ ឲ្យប្រើប្រាស់តាមតម្រូវការ។ ដូច្នេះហើយបានជាក្នុងពិធីនេះ មានប្រជាជនខ្មែរចូលរួមយ៉ាងមហោឡារិក ដោយរីករាយសប្បាយ ដោយរំពឹងថា នឹងបានទទួលនូវកុសលទានយ៉ាងលើសលប់ពុំខាន។

គួរបញ្ជាក់ថា កម្មវិធីបញ្ចុះខណ្ឌសីមា នៅវត្តវិហារកំបោរនេះ បានប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ដោយប្រព្រឹត្ត ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា អាជ្ញាធរស្រុក ឃុំ ភូមិ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទាំង ស្រុកកណ្តាលស្ទឹងជាច្រើនរូបផងដែរ៕