(ភ្នំពេញ)៖ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញភូមិ១ ផលិតផល១ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងស្នើឱ្យ សិប្បករ និងអាជីវករ ទាំងអស់ ដែលជាអ្នកលក់វត្ថុធាតុដើម ងាកមកធ្វើការកែច្នៃវត្ថុធាតុដើមទាំងនោះវិញ ដើម្បីបង្កើនប្រាក់ចំណូល និងបានបង្កើនការងារ និងចំណោះដឹងដល់ក្មេងជំនាន់ក្រោយ។
លោកបណ្ឌិត សួង ណយ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាវាគ្មិន ក្នុងវេទិការ «ផ្តួចផ្តើមអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម» នៅសណ្ឋាគារ ហ៊ីម៉ាវារី ។
ពិធីនេះក៏មានការចូលរួមពីលោក នួន សុភ័ណ្ឌ ប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ប៉ិច បូឡែន អនុប្រធាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឧកញ៉ា ឈិន កេន ប្រធានគណៈកម្មាធិការ ទំនាក់ទំនងសាធារណៈជាតិ នៃសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមកម្ពុជាលោក ឡឹក ស៊ីនរិទ្ធី នាយកប្រតិបត្តិនៃ FACMEC រួមទាំងចូលរួមជាច្រើនទៀតផងដែរ។
លោកបណ្ឌិត សួង ណយ បានថ្លែងថា សិប្បករ និងអាជីវករទាំងអស់ ដែលជាអ្នកលក់វត្ថុធាតុដើម គួរងាកមកធ្វើការកែច្នៃវត្ថុធាតុដើមទាំងនោះវិញ ព្រោះកាលណាយើងចេះកែច្នៃ យើងនឹងអាចបង្កើនប្រាក់ចំណូល និងបានបង្កើនការងារ និងចំណោះដឹងដល់ក្មេងជំនាន់ក្រោយ និងបានបង្កើនជីវភាព របស់យើងផ្ទាល់ខ្លួនផងដែរ ហើយអាចធ្វើឱ្យអ្នកចំណាកស្រុក អាចត្រឡប់មកទទួលជំនាញ និងធ្វើការកែច្នៃនេះ ដើម្បីធ្វើការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនពួកគេផងដែរ។
លោកបានបញ្ជាក់ទៀតថា ចំពោះការធ្វើការកែច្នៃនេះ គឺមិនមែនអត់មានទីផ្សារនោះទេ ព្រោះយើងដឹងហើយថាសព្វថ្ងៃនេះខ្មែរយើងហូបអី ប្រើប្រាស់ផលិតផលអី នេះគឺសុទ្ធតែជាទីផ្សាររបស់យើង អាជីវករយើងសព្វថ្ងៃនេះ គឺបាននាំចូលផលិតផល តែបែជានាំចេញនូវវត្ថុធាតុដើមទៅវិញ ដូចនេះបើសិនជាយើងកែច្នៃផលិតផលឱ្យបានល្អ យើងប្រើប្រាស់ផលិតផលទាំងអស់នោះ យើងនឹងទទួលបានផលចំនេញច្រើន។
លោក នួន សុភ័ណ្ឌ បានថ្លែងដែរថា វេទិការខាងលើនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចចាប់យកដៃគូធ្វើការអភិវឌ្ឍ សហគ្រាសរបស់ពួកគាត់ ឱ្យមានគុណភាព និងផលិតភាពខ្ពស់ ក្នុងការផលិត ផលិតផលរបស់ពួកគាត់ ដែលអាចទាញយកផលចំនេញ រវាងគ្នាទៅវិញទៅមក។ ដើម្បីកែច្នៃផលិតផលឱ្យមានគុណភាព មានទីផ្សារដែលគេត្រូវការ យើងត្រូវតែដើរតាមបច្ចេកវិទ្យាទំនើប ដោយធ្វើយ៉ាងណាឱ្យមានការប្រកួតប្រជែង ជាមួយទីផ្សាររបស់គេបាន ដោយយើងត្រូវចេះរួបរួមគ្នា រវាងអ្នកកែច្នៃ និងអ្នកដែលផ្តល់នូវសេវាផ្សេងៗទៀត ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារ ហើយប្រសិនបើប្រជាពលរដ្ឋ និងអាជីវកម្មសហគ្រាសធន់តូច និងមធ្យម ចេះកែច្នៃផលិតផលកសិកម្ម ឱ្យទៅជាម្ហូបអាហារគ្រៀម ទុកសម្រាប់លក់បន្តទៀតនោះ នឹងអាចធ្វើឱ្យកម្រិតជីភភាពកាន់តែល្អប្រសើឡើងផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងទទួលយកនូវរាល់កិច្ចសហប្រតិបត្តិការ ចូលរួមផ្តល់នូវមតិវិទ្យាសាស្ត្រ ជំនួយបច្ចេកទេស នវានុវត្តផ្សេងៗពីបណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍនានា ដើម្បីធ្វើបច្ចុប្បន្នភាព ឬការវិវឌ្ឍន៍ផ្សេងៗ នៃក្របខណ្ឌបញ្ញត្តិកម្ម ដែលពាក់ព័ន្ធសកម្មភាព ធុរកិច្ចមួយ អាហារក្នុងដំណាក់កាលថ្មីដោយរោងចក្រសិប្បកម្មផងដែរ។
សូមបញ្ជាក់ដែរថា វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ២០១៩ រៀបចំឡើងដើម្បីបង្កើតឱកាសទំនាក់ទំនង និងកសាងបណ្តាញអាជីវកម្ម សម្រាប់ឲ្យសហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មក្នុងស្រុក ពង្រីកចំណេះដឹង និងព័ត៌មានស្តីពីផលិតផល និងសេវាកម្មល្អៗ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ជាធាតុចូលបម្រើដល់ការងារផលិតកម្មរបស់សហគ្រាស ដើម្បីពង្រឹងសមត្ថភាពផលិត និងភាពប្រកួតប្រជែងរបស់ផលិតផល។
វេទិកានេះ គឺជាវេទិកាដែលរៀបចំជាបន្តបន្ទាប់គ្នាចំនួន ៣ទីតាំង ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ (១៧-១៨ សីហា ២០១៩), ខេត្តបាត់ដំបង (១៤១៥ កញ្ញា ២០១៩) និង ខេត្តកំពង់ចាម (០៥-០៦ តុលា ២០១៩)។ វេទិកានេះ សហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលីផងដែរ៕