(ភ្នំពេញ)៖ ករណីគ្រោះធម្មជាតិ ភ្លៀងខ្លាំងលាយឡំនឹងខ្យល់កន្រ្តាក់ខ្លាំង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បណ្តាលឱ្យប៉ើងបំបូងឃ្លាំង ដែលកំពុងសាងសង់ សង្កត់លើកម្មករចំនួន ៣នាក់ ឱ្យរងរបួសត្រូវដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ឃ្លាំងដែលបើងសង្កត់មនុស្ស គឺដំបូលធ្វើពីដែក ប្រក់ស័ង្កសី ដែលមិនទាន់សាងសង់រួច មានទំហំខូតខាតមានប្រហែល ២៩៧០ម៉ែត្រការ៉េ ទទឹង ៣៣ម៉ែត្រការ៉េ បណ្ដាយ ៩០ម៉ែត្រការ៉េ និងខូចខាតរថយន្តចំនួន២គ្រឿង។
ជនរងគ្រោះទាំង៣នាក់ ខាងលើរួមមានទី១៖ ឈ្មោះ អេង ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករធ្វើឃ្លាំង, ទី២៖ ឈ្មោះ យូរ ផុត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ហើយម្នាក់ទៀតមិនទាន់ស្គាល់អត្ដសញ្ញានៅឡើយទេ ព្រោះរងរបួសធ្ងន់ធ្ងរ។ ចំណែកម្ចាស់ឃ្លាំងមានឈ្មោះ អ៊ីង ប៊ុនប៉េង ជនជាតិខ្មែរ។
ក្រោយពីកើតហេតុរួច សមត្ថកិច្ចបានចុះត្រួតពិនិត្យមើលឃើញថា ការចាក់ធ្វើសសរដែកនេះ មិនមានគ្រឹះច្បាស់លាស់ទេដោយមានដែកសសៃតូចៗ ទើបធ្វើឱ្យមានខ្យល់កន្ត្រាក់មកបណ្តាល ឱ្យរលំបាក់សង្កត់ទៅលើកម្មកររងរបួសធ្ងន់ និងស្រាល ហើយបច្ចប្បន្នឃ្លាំងនោះ ត្រូវផ្អាកបណ្តោះអាសន្នសិនរង់ចាំមន្ត្រីជំនាញចុះពិនិត្យពីបញ្ហាបច្ចេកនៃការសាងសង់៕