(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់យុវជនមួយចំនួន ដែលកំពុងទទួលការអប់រំបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នាមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
នាឱកាសនោះ លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន របស់កងរាជអាវុធហត្ថក្រុងព្រះសីហនុ មានយុវជនរងគ្រោះដោយគ្រឿងញៀន កំពុងទទួលការអប់រំមានចំនួន ៩៧នាក់។
យុវជនទាំងអស់គ្នានេះ ក្រោមការសហការជួយទំនុកបម្រុងពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។
ចំណែកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅពេលនេះ រៀបចំឡើងដោយវិទ្យាស្ថានជូនដល់យុវជនបន្សាបគ្រឿងញឿនខាងលើនេះ ផ្តើមដោយវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីផ្តល់ឱកាសដល់យុវជន ដែលរងគ្រោះពីគ្រឿងញៀន ឲ្យពួកគេមានជំនាញបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ក្រោយពេលពួកគាត់ធ្វើសមាហរណកម្មវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារវិញនាពេលខាងមុខ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ លោក ប៊ូ សំអាត ប្រធានវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-ចិន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះរួមមាន៖ ជំនាញតបណ្តាញអគ្គីសនី, ជួសជុលរថយន្ត, ជួសជុលកំព្យួទរ័, ផ្សារដែក និងជួសជុលម៉ាសុីនត្រជាក់។
សូមបញ្ជាក់ថា យុវជនជាសិក្ខាកាមដែលមកទទួលវគ្គបណ្តុះបណ្តាលលើកនេះមានចំនួន ៤៥នាក់ ដោយជ្រើសើសពីក្នុងចំណោមយុវជនបន្សាបគ្រឿងញៀនទាំង ៩៧នាក់ ដែលកំពុងអប់រំបន្សាបគ្រឿងញៀន នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងអាណាព្យាបាលយុវជនទាំងអស់នោះផងដែរ៕