(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំ សិរីរតន៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដើរឲ្យស្របនិងបន្ស៊ីគ្នាជាមួយ គោលនយោបាយខ្សែក្រវ៉ាត់មួយ និងវិថីមួយរបស់ប្រទេសចិន ដើម្បីស្រូបយកឱកាសទាញយកប្រភពធនធានមួយចំនួន ក្នុងការអភិវឌ្ឍន៍ប្រទេស ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាដំបូង។

ការថ្លែងបញ្ជាក់របស់លោក សំ សិរីរតន៍ ធ្វើឡើងក្នុងកម្មវិធី «ពិព័រណ៍ពាណិជ្ជកម្មចំរុះអន្តរជាតិលើកទី២» នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសាលតាំងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីវិនិយោគិនមកពីគ្រប់បណ្តាប្រទេស ជាពិសេសនោះគឺសម្ព័ន្ធមិត្តចិន។

សូមជម្រាបជូនថា «ពិព័រណ៍ពាណិជ្ជកម្មចំរុះអន្តរជាតិលើកទី២» ត្រូវបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ដោយចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយមានការលក់នូវសម្ភារចំរុះ ដែលមានផលិតផងមកពីបណ្តាប្រទេសផ្សេងៗគ្នា។

លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នោះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដើរឲ្យស្រប និងបន្ស៊ីគ្នាជាមួយ គោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយរបស់ប្រទេសចិន ដើម្បីស្រូបយកឱកាស ទាញយកប្រភពធនធានមួយចំនួន ក្នុងការអភិវឌ្ឍន៍ប្រទេស ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ការស្តារ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធវិស័យដឹកជញ្ជូន ដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋានជាដើម»

លោកបន្ថែមថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។ ម្យ៉ាងវិញទៀត កម្ពុជាបាននិងកំពុង អនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ហើយនឹងកំពុងខិតខំប្រឹងប្រែងសម្រេចគោលដៅឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ខាងមុខ។

ជាមួយគ្នានោះដែរ លោកក៏បានក្រើនរម្លឹកដល់វិនិយោគិនដែលបានចូលរួមទាំងអស់ថា បច្ចុប្បន្នប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់ជាង៧ភាគរយ ក្នុងមួយឆ្នាំ។ តាមរយៈការរីកចម្រើនក្នុងកម្រិតមួយដ៏ខ្ពស់ជាប់មិនដាច់នៃវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់ កិសកម្ម សេវាកកម្ម ទេសចរណ៍ អចលទ្រព្យ គមនាគម៍ និងការដឹកជញ្ជូន។

លោកបន្តថា «ផលិតផលក្នុងស្រុកសរុបបានកើនពីប្រមាណ៣,៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ២៤,៦០៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨កន្លងទៅ»