(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានជំរុញដល់ប្រធានស្រុកប្រត្តិបត្តិ (OD) ប្រធានមណ្ឌលសុខភាពគ្រប់ក្រុង-ស្រុក ត្រូវចុះផ្សព្វផ្សាយ និងស្រង់ស្ថិតិសេវាព្យាបាលឯកជន «ពេទ្យភូមិអត់ច្បាប់» ដែលដើរចាក់ថ្នាំមិនមាន សញ្ញាបត្រទទួលស្គាលពីក្រសួងសុខាភិបាល បើមិនព្រមស្ដាប់ការណែនាំនៅតែបន្តទៀតខាងមន្ទីរ និងធ្វើការចុះផ្សាយជាសាធារណៈ ព្រមទាំងដាក់ពាក្យបណ្ដឹងឡើងទៅតុលាការចាត់ការតាមច្បាប់។
ការលើកឡើងបែបនេះរបស់លោក កែរ រដ្ឋា បានធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុក ចុះស្រង់ស្ថិតិ ដល់សេវ៉ាឯកជនពេទ្យភូមិ ដែលដើរចាក់ថ្នាំមិនមានសញ្ញាបត្រពីក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹកដល់ក្រុមពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ គោរពក្រមសីសធម៌ថ្លៃថ្នូរ ហើយមិនត្រូវគិតលុយជាធំទេ ដោយត្រូវប្រកាន់អាកប្បកិរិយាសមរម្យដល់អ្នកជម្ងឺ។
លោកក៏បានផ្តាំផ្ញើរដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋអំពីការរីកចម្រើន និងការផ្តល់សេវ៉ានានា លើវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ចូលរួមពិគ្រោះពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែច្រើនឡើងថែមទៀត៕