(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៨០គ្រួសារ មកពីឃុំចំនួន៥ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ នាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ដែលក្នុងមួយគ្រួសារទទួលបាន ដូចជាអង្ក៣០ គីឡូក្រាម ឃីត១កញ្ចប់ មុង ភួយ កន្ទេល តង់។
នាឱកាសនោះដែរ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍សួសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពយកចិត្តទុក្ខដាក់ និងរួមរំលែកទុក្ខសោកស្តាយចំពោះការខូចខាតព្រទ្យ សម្បត្តិរបស់បងប្អូនដោយលើកឡើងថា ការបាត់បង់នូវទ្រព្យសម្បត្តិ យើងពិតជាសោកស្តាយខ្លាំងណាស់ ព្រោះវាជាការប្រឹងប្រែងសន្សំដោយការលំបាក និងជាខែឆ្នាំមកហើយ តែការរងគ្រោះដោយការបាក់ស្រុត រលំនេះគឺជា រឿងដែលយើងមិនអាចដឹងមុន។ បើទោះបីជាបងប្អូនបាត់បង់នូវទ្រព្យសម្បត្តិក៏ពិតមែន តែយើងនៅមានជីវិត ត្រូវតែតស៊ូប្រឹងប្រែងប្រកបរបរបន្តទៅទៀត។
លោកបន្តថា ទន្ទឹមនិងការខិតខំប្រឹងប្រែងរកទទួលទាននេះ សូមបងប្អូនត្រូវបង្កើននូវការប្រុងប្រយ័ត្ន ចំពោះការបាក់ស្រុត និងត្រូវរោះរើសម្ភារប្រើប្រាស់មកទុកនៅកន្លែងដែលមានសុវត្ថិភាព។ លើសពីនេះទៅទៀតសូមបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យទៅជិតកន្លែងបាក់ស្រុត ជាពិសេសការហូបចុកប្រចាំថ្ងៃត្រូវតែមានអនាម័យជាប្រចាំ។
បន្ថែមលើសពីនេះទៅទៀត លោកបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការទៅអាជ្ញាធរមូលដែលនៅជិតបំផុត នៅពេលមានបញ្ហា ដើម្បីឱ្យពួកជួយបងប្អូនទាន់ពេលវេលាផងដែរ និងចូលរួមនៅគោរពច្បាប់ចរាចរណ៍ព្រមទាំងចៀសឆ្ងាយពីគ្រឿងញៀន៕