(ក្រចេះ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សត្វផ្សោត ដែលជាប្រភេទសត្វកម្រជិតផុតពូជនោះ ត្រូវបានគេប្រទះឃើញងាប់ ១ក្បាល នៅក្នុងទន្លេមេគង្គ នៅចំណុចផែក្រចេះ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

លោក សៀង គិន នាយខណ្ឌជលផល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សត្វផ្សោតមួយក្បាលដែលងាប់នោះ ត្រូវបានគេប្រទះឃើញ គឺជាផ្សោតញី មានទម្ងន់ចំនួន១៩១គីឡូក្រាម ប្រវែង២២៣សង់ទីម៉ែត្រ រស់នៅអន្លង់កាំពី។

លោក បន្តទៀតថា សម្រាប់មូលហេតុសត្វផ្សោតងាប់នេះ ក្រុមកាងារមិនទាន់សន្និដ្ឋានច្បាស់សាល់ទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង នៅលើដងខ្លួនមិនមានស្លាកស្នាមអ្វីទេ ហើយក្រុមការងារសង្ស័យអាចមកពីផ្សោតនោះចាស់ ព្រោះទម្ងន់ដល់ទៅ១៩១គីឡូក្រាម ថែមទាំងធ្មេញផ្សោតសឹករិចរិលអស់។

លោក សៀង គិន បានបញ្ជាក់ទៀតថា មន្រ្តីរបស់លោកកំពុងចុះសហការជាមួយឆ្មាំទន្លេ ដើម្បីត្រួតពិនិត្យស្រាជ្រាវរកមូលហេតុបន្ថែមដោយយកសំណាក់ យកខ្លាញ់ ក្រពះផ្សោត ទៅពិនិត្យ ពិសោធន៍ ជាមួយអង្គការ wwf និងខណ្ឌរដ្ឋបាលជល់ផល នៃមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ដើម្បីរកមូលហេតុឲ្យច្បាស់លាស់ថាផ្សោតនោះងាប់សារអ្វី៕