(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ដោយសារតែមានកត្តារួមផ្សំ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រកបដោយចីរភាព បានធ្វើឱ្យធនាគារ អេស៊ីលីដា បានគិតគូរទៅដល់ផែនការយុទ្ធសាស្ត្រ រយៈពេលមធ្យម និងរយៈពេលវែង ដែលពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប ដោយរៀបចំឱ្យមានជាធនាគារឌីជីថល ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយថ្មី ដែលបានបើកឱ្យមានសេវាកម្ម ធនាគារតាមទូរសព្ទចល័តបាន។
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក ដែលតំណាងឱ្យ៦៣ប្រទេស ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានសម្រេចជ្រើសរើសយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាកន្លែងមួយក្នុងចំណោមកន្លែងដែលពួកគាត់មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា ពិតជាឱកាសដ៏ពិសេសណាស់ ដែលក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានជ្រើសរើសយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា សម្រាប់ការមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយសារតែវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាវិទ្យាស្ថានដែលឈានមុខ ក្នុងវិស័យអប់រំប្រកបដោយគុណភាព ហើយជាវិទ្យាស្ថានបានទទួលវិញ្ញាបនបត្រគាំទ្រផ្នែកបរិស្ថានស្អាត ដែលបានប្រើប្រាស់ថាមពលដោយសន្សំសំចៃ។ បេសកម្មរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកមកកម្ពុជានេះ ដោយសារនៅក្នុងប្រទេសកម្ពុជា គឺបានរៀបចំផែនការរយៈពេល៥ឆ្នាំ ហើយក្រុមប្រឹក្សាភិបាលគឺបានទៅជួបខាងក្រសួងពាក់ព័ន្ធនានា និងចំពោះវិស័យឯកជន គឺធនាគារ អេស៊ីលីដា និងវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដានេះឯង។
លោកបានបន្តថា ដោយរួមផ្សំនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រកបដោយចីរភាពផងនោះ បានធ្វើឱ្យធនាគារ អេស៊ីលីដា បានគិតគូរទៅដល់ផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែង ដែពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប និងរៀបចំឱ្យមានជាធនាគារឌីជីថល ដែលជាហេដ្ឋារចនាសសម្ព័ន្ធមួយថ្មី ដែលបានបើកឱ្យមានសេវា ធនាគារតាមទូរសព្ទចល័ត ដែលមានឈ្មោះថា អេស៊ីលីដា យូនីធីទាន់ចិត្ត ដែលមានអតិថិជនបានចុះបញ្ជីប្រើប្រាស់ជិត១លាននាក់ហើយ មកដល់បច្ចុប្បន្ននេះ ហើយធនាគារ អេស៊ីលីដា និងនៅតែបន្តទៅមុខទៀត ដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនរបស់ធនាគារ អេស៊ីលីដា ទាំងជាតិ និងអន្តរជាតិផងដែរ ដែលមានលក្ខណៈទូលំទូលាយ គ្រប់ទីកន្លែង និងគ្រប់ពេលវេលាផងដែរ។
លោកក៏បានបញ្ជាក់ទៀតថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាថ្នាលបណ្តុះធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ វិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ សម្រាប់គាំទ្រទៅលើវិស័យហិរញ្ញវត្ថុ ទាំងមូលផងដែរ មិនមែនត្រឹមតែសម្រាប់ធនាគារ អេស៊ីលីដាមួយទេ ពោលគឺសម្រាប់វិស័យហិរញ្ញវត្ថុ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលទាំងអស់នេះហើយ ជាទិសដៅសំខាន់ដែលក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក ដែលតំណាងឱ្យ៦៣ប្រទេស មានសំលេងបោះឆ្នោត ជាង៤០ភាគរយ បានជ្រើសរើសយកធនាគារ អេស៊ីលីដា និងវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីធ្វើទស្សនកិច្ចពិភាក្សា និងចែករំលែកពីភាពជោគជ័យរបស់ធនាគារ អេស៊ីលីដា៕