(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានចាប់ដៃគូ ជាមួយនិងក្រុមហ៊ុនហ្គេមយក្សរបស់ចិន Moonton ដ៏ធំមួយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតហ្គេម Mobile Legends កម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ។

ការប្រកួតប្រជែងនេះ គឺជាវគ្គប្រកួតជម្រុះ សម្រាប់ក្រុម Mobile Legends Southeast Asia Cup ដែលកម្ពុជា នឹងប្រកួតជាមួយក្រុមកីឡាករ មកពីប្រទេសហ្វីលីពីន នៅចុងខែមិថុនានេះ។ Mobile Legends គឺជាហ្គេមកំពូលទាំង១០ នៅក្នុងពិភពលោក និងជាហ្គេមក្នុងទូរស័ព្ទដៃ ដែលពេញនិយមជាងគេ ក្នុងប្រទេសកម្ពុជា។

កម្មវិធីហេ្គមនេះ ត្រូវបានដាក់ដំណើរការ នៅក្នុងឆ្នាំ២០១៦ ដោយទទួលបានការដោតឡូត ជាង៥០០លានដង អ្នកចុះឈ្មោះលេងចំនួន២០០លាននាក់ និងអ្នកលេងប្រមាណ៥០លាននាក់ ជារៀងរាល់ខែ។

ក្រុមកីឡាករមកពីប្រទេសកម្ពុជា នឹងធ្វើការប្រកួតជាមួយកីឡាករ មកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ឡាវ និងវៀតណាម នៅក្នុងខែមិថុនានេះ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន Cellcard គឺជាអ្នកឧបត្ថម្ភផ្លូវការមួយ សម្រាប់ការប្រកួតមួយនេះ ដែលជាផ្នែកមួយនៅក្នុងការចូលរួមចំណែកផ្សព្វផ្សាយ លើកម្មវិធីហ្គេមក្នុងទូរស័ព្ទ។

នាយកប្រតិបត្តិរបស់ Cellcard លោក Ian Watson បាននិយាយថា ក្រុមការងាររបស់គាត់ មានភាពរីករាយក្នុងការរៀបចំការប្រកួត ជាមួយការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ហើយនេះដោយសារ តែមានបុគ្គលិករបស់ក្រុមហ៊ុនក្មេងៗមួយចំនួន ក៏ចូលរួមលេងហ្គេមនេះដែរ។

លោក Watson បាននិយាយថា៖ «ពួកយើងមិនអាចមើលស្រាលទេពកោសល្យ នៃអនាគតរបស់ហ្គេមលើទូរស័ព្ទដៃ នៅក្នុងប្រទេសកម្ពុជាបាននោះទេ ក៏ដូចជាពិភពលោក។ កម្មវិធីហ្គេមនៅលើទូរស័ព្ទដៃ នឹងកាន់តែរីកធំឡើង និងកកើតឡើងជាមួយបច្ចេកវិទ្យាដទៃទៀតដូចជា បច្ចេកវិទ្យា AR និង VR»

«ពួកយើងបានមើលឃើញកម្មវិធីអប់រំនៅលើទូរស័ព្ទរបស់Cellcard នៅពេលអនាគត ជាពិសេសខណៈពេលដែលយើងកំពុងធ្វើដំណើរពីបច្ចេកវិទ្យា4G ទៅកាន់ 5Gក្នុងការសាកល្បង និង 5G នៅក្នុងពេលអនាគត»។ នេះជាការបញ្ជាក់បន្ថែម របស់លោក Ian Watson។

លោក Watson បាននិយាយទៀតថា ភាពជាដៃគូជាមួយ Moonton គឺបន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រកួតនៅឯកម្មវិធី Digital Cambodia កាលពីខែមីនា ជាមួយ Netease ដែលជាអ្នកបង្កើត Rules of Survival ជាហ្គេមប្រកួតប្រជែងមួយទៀត។

សូមជម្រាបថា ហ្គេមប្រកួតជម្រុះ Mobile Legends បច្ចុប្បន្នកំពុងដំណើរការ កំពុងទទួលបានភាពពេញនិយម ហើយនឹងមានកម្មវិធីនៅថ្ងៃទី១៨ ខែឧសភា ដែលនឹងមាន៤ក្រុម ប្រកួតគ្នាសម្រាប់តំណែងជើងឯក និងទឹកប្រាក់ចំនួន៦,០០០ដុល្លារ។ កម្មវិធីនៅថ្ងៃទី១៨ ខែឧសភា នឹងធ្វើឡើងនៅឯផ្សារអ៊ីអនសែនសុខ ពីម៉ោង១ ដល់ម៉ោង៧ល្ងាច៕