(ព្រះសីហនុ)៖ មន្ត្រីជំនាញគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ បានចុះចាប់រថយន្តសេរីទំនើបចង្កូតឆ្វេងចំនួន ១គ្រឿងទៀត ដែលមិនមានឯកសារបង់ពន្ធនាំចូល ឬហៅថា រថយន្តលួចនាំចូលអត់បង់ពន្ធ ដែលធ្វើចរាចរណ៍តាមផ្លូវសាធារណៈ នាក្រុងព្រះសីហនុ។
មន្ត្រីគយ ដែលចុះចាប់រថយន្តអត់បង់ពន្ធព្រឹកមិញនេះ ឲ្យដឹងថា រថយន្តសេរីទំនើបចង្កូតឆ្វេង ១គ្រឿងនេះម៉ាក ALPHARD ផលិតឆ្នាំ២០១៥ និងពាក់ស្លាកលេខបន្លំ (ខេមរភូមិន្ទ 02-4866) ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ។
មន្ត្រីគយ និងរដ្ឋាករដដែលបន្តថា បច្ចប្បន្នរថយន្តអត់បង់ពន្ធខាងលើនេះ ត្រូវសមត្ថកិច្ចគយ នាំយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់គយជាបន្តទៀត។
ទាក់ទិនបញ្ហានេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សកម្មភាព របស់មន្ត្រីគយចល័ត និងមន្ត្រីសាខាគយខេត្តព្រះសីហនុ ដែលចុះឃាត់ចាប់រថយន្តនាំចូលមិនបង់ពន្ធជាបន្តបន្ទាប់មកនេះ គឺធ្វើឡើងតាមការណែនាំពី របស់ថ្នាក់ដឹកនាំប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងអនុវត្តតាមការចង្អុលបង្ហាញ របស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តព្រះសីហនុ។
លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះសកម្មភាព របស់មន្ត្រីគយ និងរដ្ឋាករខាងលើនេះ គឺមួយផ្នែកដើម្បីប្រមូលប្រាក់ពន្ធរកចំណូលចូលរដ្ឋ និងមួយផ្នែកទៀត គឺជាយុទ្ធនាការ ឈានទៅជម្រុញឲ្យផ្នែកពាក់ព័ន្ធងាកចូលរួមគោរពច្បាប់ឲ្យបានត្រឹមត្រូវផងដែរ។
ទាក់ទិនករណីនេះ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែឧសភាម្សិលមិញនេះ មន្ត្រីជំនាញខ្លួន ក៏បានចុះចាប់រថយន្តសេរីទំនើបចង្កូតស្តាំ ១គ្រឿងដែរ គឺ ម៉ាក ALPHARD ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខបន្លំ (ខេមរភូមិន្ទ 02- 2.9879) ដែលគ្មានការទទួលស្គាល់ ពីក្រសួងការពារជាតិ។ មន្ត្រីគយបញ្ជាក់ថា ចំពោះ រថយន្ដល្មើសច្បាប់ខាងលើនេះ ត្រូវបានគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះឃាត់ចាប់នៅមុខផ្ទះសំណាក់ សឌីនី មានទីតាំងនៅតាមបណ្តោយផ្លូវឯករាជ្យ ទល់មុខស្នងការនគរបាលខេត្តព្រះសីហនុ។
មន្ត្រីគយបានឲ្យដឹងដែរថា ចំពោះរថយន្តសេរីទំនើបថ្មីៗ ប្រភេទចង្កូតស្តាំ គឺច្បាប់កម្ពុជា បានហាមឃាត់មិនឲ្យមានការនាំចូលទៀតទេ។ ហើយថា ករណីនេះ សមត្ថកិច្ចបានរឹបអូសយកទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំនោះ មកធ្វើឯកសាបង់ពន្ធ ឬមិនមានការផាកពិន័យអ្វីទាំងអស់។
គួរបញ្ជាក់ថា នាមូលដ្ឋានខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០១៨ រហូតមកត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩នេះ មានរថយន្តសេរីទំនើបៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំជិត ៥០គ្រឿងហើយ ដែលមន្ត្រីគយ និងរដ្ឋាករកម្ពុជា បានរកឃើញដា មិនមានបង់ពន្ធគយ និងនាំចូលខុសច្បាប់។
ត្រង់ចំណុចនេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងថា ចំពោះរថយន្ដអត់បង់ពន្ធនាំចូលខាងលើនេះ ត្រូវមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីគយចល័យតំបន់៣ ផ្លូវជាតិលេខ៤ និងសហការជាមួយសមត្ថកិច្ចស្ថាប័នដទៃទៀត ចុះឃាត់ចាប់ជាបន្តបន្ទាប់ នៅមូលដ្ឋានខេត្តព្រះសីហនុ។
លោក ទុំ ណូ បន្តថា ការចាប់ឃាត់រថយន្តអត់បង់ពន្ធខាងលើនេះ ចំពោះប្រភេទរថយន្តចង្កូតឆ្វេង គឺបានអនុញ្ញាតឲ្យម្ចាស់រថយន្តទាំងនោះ ចូលខ្លួនមកបំពេញបែបបទ ដើម្បីបង់ប្រាក់ផាកពិន័យផង និងបង់ពន្ធនាំចូលឲ្យស្របតាមច្បាប់គយផង មុននឹងអនុញ្ញាតឲ្យម្ចាស់នាំយករថយន្ដទាំងនោះត្រឡប់ទៅវិញ។ ប៉ុន្តែដោយឡែក ចំពោះរថយន្តចង្កូតស្តាំគឺត្រូវរឹបអូសមកទុកជាទ្រព្យសម្បត្តិរដ្ឋគ្រប់គ្រងវិញ៕