(កណ្តាល)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សហការជាមួយនិងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ នៅមុខផ្សារតាខ្មៅថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល រកឃើញទឹកក្រូច១៦ដបហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។
មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានពិនិត្យដូចជា គ្រឿងសមុទ្រ បន្លែ សណ្តែកបណ្តុះ ខ្ញីហាន់ ប្រហិតសាច់គោ ណែម សាច់ក្រក គុយទាវ មីលឿង បាញ់កាញ់ លតស្វិត និងគ្រឿងឧបភោគ បរិភោគ និងផ្ទះលក់ទំនិញ គ្រឿងកំប៉ុង ដែលដាក់តាំងលក់នៅមុខផ្សារ តាខ្មៅថ្មី។ ក្រុមការងារបានធ្វើតេស្តបឋម លើលតស្វិត សាច់ក្រក ណែមប្រហិតសាច់គោ និងគ្រឿងសមុទ្រ ដែលជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំង នោះទេ តែតែមន្រ្តីជំនាញ បានធ្វើការដកហូតទឹកក្រូចដប ចំនួន១៦ដបហួសកាលបរិច្ឆេទ យកមករក្សាទុក ដើម្បីដុតកម្ទេចចោល។
ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀប ជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព ជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕