(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំការអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងស្ដាប់របាយការណ៍ អំពីលទ្ធផលការងារអនុវត្តផែនការសកម្មភាព លេខ០១៤ផ.ក ស្តីពីការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ និងដកពិសោធន៍ការងារអនុវត្តកន្លងមក។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានក្រុមលេខាធិការដ្ឋាន និងការចូលរួមពីអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ចំណុះផែនកណ្តាលយុត្តិធម៌ ស្នងការរងរាជធានីភ្នំពេញ នាយ នាយរងការិយាល័យ នគរបាលចរាចរណ៍ នាយ នាយរងការិយាល័យសណ្តាប់ធ្នាប់ និងអធិការ អធិការរងតាមបណ្តាខណ្ឌពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ក្នុងរាជធានីភ្នំពេញ។
លោកឧត្តសេនីយ៍ទោ ស៊ុយ សុគន្ធា បានបញ្ជាក់ថា លទ្ធផលនៃប្រតិបត្តិការ បង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ គិតចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បទល្មើសកើតមាន៥៨ករណី ក្នុងនោះបង្ក្រាបបាន៤៣ករណី ស្មើនឹង៧៤ភាគរយ និងឃាត់ខ្លួនជនល្មើសបាន៨០នាក់។
ប្រធានក្រុមលេខាធិការដ្ឋានរូបនេះ បានបន្ថែមទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ នៅខណ្ឌទួលគោក១៨នាក់, ខណ្ឌសែនសុខ២១នាក់, ខណ្ឌដូនពេញ៥នាក់, ខណ្ឌចំការមន៨នាក់, ខណ្ឌច្បារអំពៅម្នាក់, ខណ្ឌឫស្សីកែវ១១នាក់, ខណ្ឌពោធិ៍សែនជ័យ៧នាក់, ខណ្ឌ៧មករា៨នាក់ និងខណ្ឌជ្រោយចង្វារម្នាក់។
សូមបញ្ជាក់ថា ក្រោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបង្កើតក្រុមការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីដកពិសោធន៍សម្រាប់តាមបណ្ដាខេត្តផ្សេងនោះ គេសង្កេតឃើញថា រាល់បទល្មើសដែលតែងតែកើតមានឡើង ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្ដបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្តយ៉ាងខ្លាំង៕