(រតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» នាសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រុងបានលុង ក្រោមអធិបតីភាពលោក មួង ប៉យ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
លោក មួង ប៉យ បានលើកឡើងថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយបារម្ភចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលត្រូវការឲ្យជួយសង្រ្គោះ ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជ្យភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។
លោក មួង ប៉យ បានចាត់ទុកការចូលរួមពីសំណាក់ សមាជិក សមាជិកា សប្បុរសជនពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹង ដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលមានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់ គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍសហគមន៍។
ក្នុងឱកាសនោះ វិភាគទានថវិកាដែលសប្បុរសជនបានចូលរួម ជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សម្រាប់ទ្រទ្រង់មនុស្សធម៌បានចំនួន ៦៨,៦៨០,៤៦ដុល្លារអាមេរិក៕