(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតពាក់ស្លាកលេខ ខ.ម ក្លែងក្លាយគ្មានពន្ធនាំចូលក្នុងក្រុងព្រះសីហនុ។
ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះ ដឹកនាំដោយលោក កែវ អង្កាម ប្រធានគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
មន្ត្រីគយបានបញ្ជាក់ថា រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងនេះម៉ាក ALPHARD ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខបន្លំ (ខេមរភូមិន្ទ 02-4866) ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ ។
បច្ចប្បន្នរថយន្តនេះ សមត្ថកិច្ចនាំយកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
មន្ត្រីគយដដែលថ្លែងបញ្ជាក់ទៀតថា សកម្មភាពឃាត់ចាប់រថយន្តនាំចូលមកប្រើប្រាស់ខុសច្បាប់នេះ ធ្វើឡើងតាមការណែនាំពីលោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការឈានទៅរកការជំរុញឲ្យមានការគោរពច្បាប់ជាធរមានផងដែរ។
គួរម្លឹកថា មួយរយៈកន្លងទៅនៅក្រុង-ខេត្តព្រះសីហនុ មានករណីប្រើប្រាស់រថយន្តទំនើបៗ បន្លំពាក់ស្លាកលេខ (ខម) ក្លែងក្លាយច្រើន ហើយកាលពីម្សិលមិញក៏បានចាប់មួយគ្រឿងផងដែរ៕