(ភ្នំពេញ)៖ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បាននាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន០៥ រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។
មន្ត្រីជំនាញកាំកុងត្រូល បានយកគំរូផលិតផលចំនួន ៦៤គំរូ នៃផលិផលចំណីអាហារមកធ្វើការវិភាគ រួមមាន៖ គ្រឿងសមុទ្រ បន្លែ បង្អែម ផ្លែឈើ ដោយសរុបទាំងអស់ ៦៤គំរូប តែរកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់ឡើយ។
មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការទាំងអស់នេះ ត្រូវបានអនុវត្តជាប្រចាំ នៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវរបស់សាខាទូទាំង រាជធានី ខេត្ត ក្រុង ក្រោមការចង្អុលបង្ហាញ យ៉ាងយកចឹត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។
មន្ត្រីដដែលបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ តាមរយះការជួយបង្ការ អោយជៀសផុតពីជម្ងឺ រោគា ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្មុងនោះ។
នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានពន្យល់ណែនាំដល់អាជីវករឲ្យធ្វើការដាក់តាំងលក់ផលិតផល អោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់៕