(ភំ្នពេញ)៖ ក្នុងគោលបំណងផ្សព្វផ្សាយលើការយល់ដឹងពីស្ថានភាព នៃជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) ព្រមទាំងផលប៉ះពាល់ ការប្រុងប្រយ័ត្ន និងការការពារជំងឺ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្រ្វិក មន្រ្តីក្រសួងសុខាភិបាល និងវេជ្ជបណ្ឌិតជំនាញ មកពីក្រៅប្រទេស បានលើកយកមកពិភាក្សាគ្នាស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ និងវិធីបង្ការ។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្រ្តសត្វ នៃសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឯកជន កសិករមកពីខេត្តនានា និងដៃគូអាជីវកម្មដែលសហការ ជាមួយក្រុមហ៊ុនស៊ី.ភី. ខេមបូឌា នៅថ្ងៃទី០៩ ខែឧសភានេះ នៅសណ្ឋាគារហ្គាដិន ស៊ីធី ភ្នំពេញ។
លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech បានថ្លែងថា «ជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវបានរាតត្បាតពីប្រទេសអាហ្វ្រិក ទៅដល់អឺរ៉ុប និងអាស៊ី ហើយជំងឺនេះអាចបង្ករជាបញ្ហាចោទ លើផ្នែកសេដ្ឋកិច្ច និងសង្គម ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលា។ ជំងឺនេះ ជាជំងឺដែលបង្កដោយវីរុស ដែលធន់នឹងបរិយាកាសខាងក្រៅ វានៅក្នុងលាមកសត្វ កាកសំណល់ សម្លៀកបំពាក់ និងយានយន្តជាដើម។ ឧទាហរណ៍៖ ស្ថានភាពជំងឺដែលរាតត្បាត នៅប្រទេសចិន និងប្រទេសវៀតណាមជាដើម។ បច្ចុប្បន្ននេះ មេរោគនេះត្រូវបានរកឃើញ នៅក្នុងខេត្តរតនគិ រី ដោយរកឃើញនៅលើជ្រូក ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ប៉ុន្តែទាំងស្ថាប័នរដ្ឋ និងអង្គភាពឯកជនបានគ្រប់គ្រងស្ថានភាពជំងឺនេះ ទាន់ពេលវេលា»។
លោកវេជ្ជបណ្ឌិត Roongroje ក៏បានលើកឡើងថា «ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកពាក់ព័ន្ធ ទាំង មន្រ្តីជំនាញក្នុងជួរដ្ឋាភិបាល ស្ថាប័នឯកជន ម្ចាស់កសិដ្ឋាន និងកសិករទាំងអស់ ចូលរួមទប់ស្កាត់ និងកម្ចាត់ការរាលដាល ពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (African Swine Fever) នេះ ហើយចូលរួមផងដែរ ក្នុងការរាយការណ៍លើការសង្ស័យណាមួយ នៃជំងឺទៅមន្ត្រីជំនាញ នៅស្ថាប័នរដ្ឋ អង្គការ និងអង្គភាពឯកជនដែលកំពុងធ្វើការលើបញ្ហានេះ»។
លោក គុជ សុខគ្រុយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅខេត្តកណ្តាលបាននិយាយថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) និងវិធីបង្ការមេរោគនេះ កុំឲ្យឆ្លងរាលដាលពីជ្រូកមួយទៅជ្រូកមួយទៀត។ ទោះបីជាមានជំងឺនេះ កើតមានឡើងនៅលើសត្វជ្រូក ប៉ុន្តែវាមិនអាចចម្លងដល់មនុស្សទេ ដែលជាហេតុធ្វើឲ្យរូបលោក នៅតែបន្តការចិញ្ចឹមសត្វជ្រូក និងលើកទឹកចិត្តដល់កសិករដទៃទៀតបន្តចិញ្ចឹម។
ជាមួយគ្នានេះដែរ លោក និន បូរ៉ា ជាម្ចាស់កសិដ្ឋាននៅខេត្តតាកែវ បានឲ្យដឹងថា «ខ្ញុំទទួលបានចំណេះដឹងស៊ីជម្រៅជាងមុន អំពីជំងឺប៉េស្តជ្រូកអាហ្រិ្វកនេះ ស្រាយចម្ងល់មួយចំនួន និងទទួលបានចំណេះដឹង ក្នុងការសង្កេតមើលស្ថានភាពជំងឺ និងវិធីបង្ការជាដើម»។
ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយមេរោគនេះរស់នៅជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១)ការប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និងលាមកជ្រូកមានជំងឺ, (២)ការដកដង្ហើមចូល ដែលមានមេរោគក្នុងខ្យល់, (៣) ការស៊ីចំណីដែលជាកាកសំណល់ផ្ទះបាយ ដែលមានមេរោគ, (៤) ជ្រូកព្រៃក៏ជាភ្នាក់ងារចម្លងជំងឺបាន តែវាមិនបង្ហាញអាការៈជំងឺឲ្យឃើញ និង (៥)យានយន្ត សម្លៀកបំពាក់ និងឧបករណ៍ដែលមានមេរោគ។
លោកវេជ្ជបណ្ឌិត Roongroje បានបន្ថែមថា មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ ប្រជាជនត្រូវស្វែងយល់ឲ្យបានច្បាស់ ពីការគ្រប់គ្រងផ្នែកបច្ចេកទេស ដឹងពីរបៀបបង្ការ ក្នុងការអនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន និងសហការក្នុងផ្តល់ព័ត៌មាន ដល់ភ្នាក់ងារសុខភាពសត្វ។
អាការៈជំងឺ ៖ ជ្រូកមានកម្តៅខ្ពស់ ស្បែកឡើងក្រហមមានកន្ទួលឈាម ហើយមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយ មានអាការៈពិបាកក្នុងការដកដង្ហើម បញ្ហាខាងប្រព័ន្ធរំលាយអាហារ លាមករាកមានលាយឈាម ជ្រូកមានការរលូតកូន ឬកូនកើតមកភ្លាមងាប់ភ្លាម ជ្រូកអាចងាប់ភ្លាមៗ ដោយមិនមានរោគសញ្ញាអ្វីទំាងអស់។
ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា អនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន ពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែកជើង និងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន គ្មានការទិញលក់ ឬនំាសត្វជ្រូកចូលដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋាន ដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយាន្តជំនិះ មុនចេញចូលកសិដ្ឋាន ជៀសវាសក្នុងការនំាផលិតផលសាច់ជ្រូក ចូលក្នុងកសិដ្ឋាន និងជៀសវាងការឲ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ។
គួរបញ្ជាក់ ថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក នឹងធ្វើឲ្យសត្វជ្រូកងាប់ជាច្រើន (អាចនឹងមានអាត្រាងាប់១០០ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង និងវិធីព្យាបាលនៅឡើយទេ ប៉ុន្តែវាជាជំងឺដែលមិនឆ្លងទៅមនុស្ស៕