(ភ្នំពេញ)៖ ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការហើយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រីទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា, លោកអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោកអគ្គ- នាយកនៃក្រុមហ៊ុនមូលបត្រកម្ពុជា, លោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, លោកអគ្គ-នាយកនៃក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី និង សមាជិកដែលមានការពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី បានបោះផ្សាយ និង ចុះបញ្ជីនូវសញ្ញាបណ្ណសាជីវកម្មចំនួន ២ប្រភេទ ។ ទី១. «សញ្ញាបណ្ណសាជីវកម្ម អិល អូ អិល ស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់» ដែលមានអត្រាគូប៉ុង ៨% ក្នុងមួយឆ្នាំ និង ទី២. «សញ្ញាបណ្ណសាជីវកម្មអិល អូ អិល ស៊ី មិនមានការការពារហានិភ័យអត្រាប្តូរប្រាក់» ដែលមានអត្រាគូប៉ុង ៩% ក្នុងមួយឆ្នាំ។
សញ្ញាបណ្ណនេះមានឥណប្រតិទានរយៈពេល ៣ឆ្នាំគិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ លក្ខណៈពិសេសនៃសញ្ញាបណ្ណទី១ គឺមិនត្រឹមតែផ្តល់នូវអត្រាគូប៉ុងខ្ពស់ និង ថេរ ដល់អ្នកកាន់សញ្ញាបណ្ណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការការពារហានិភ័យអត្រាប្តូរប្រាក់ដែលឤចកើតមានឡើងនៅពេលអនាគតផងដែរ ដែលនេះជាសញ្ញាបណ្ណសាជីវកម្មដំបូងគេបំផុតដែលភ្ជាប់នូវលក្ខណៈពិសេសបែបនេះដែលបានចុះបញ្ជីនៅ ផ.ម.ក.។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី ដែលជាក្រុមហ៊ុនទី២ បានមកចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី៧ ដែលចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លទ្ធផលនេះ បង្ហាញឱ្យឃើញថា ផ្សារមូលបត្រកម្ពុជា ពិតជាបានបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ និង បានប្រែក្លាយទីផ្សារមូលបត្រកម្ពុជាទៅជាច្រកហិរញ្ញប្បទានចម្បងមួយសម្រាប់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និង សហគ្រាស ដែលត្រូវការមូលធនបន្ថែម ។
លោកបន្តថា ជាក់ស្តែងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អិល អូ អិល ស៊ី ដែលទទួលបានជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន ហើយបានទទួលមូលធនបន្ថែមដែលមានទំហំទឹកប្រាក់សរុបចំនួន ៨០ប៊ីលានរៀល (ប្រមាណជា ២០លានដុល្លារឤមេរិក)។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះផ្សារមូលបត្រកម្ពុជា ដែលកសាងបាននូវយន្តការមុតមាំសម្រាប់ ផ្សារភ្ជាប់គ្នារវាងអង្គភាពបោះផ្សារមូលបត្រ និង វិនិយោគិន ពិសេសបង្កភាពជឿទុកចិត្តខ្ពស់ដល់វិនិយោគិនលើអង្គភាព បោះផ្សារមូលបត្រ ។
លោកបណ្ឌិតសភាចារ្យ បានលើកថាការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណ) នេះ ជាការធ្វើពិពិធកម្មថ្មីមួយទៀតនៃផ្សារមូលបត្រកម្ពុជា និង ជាប្រភពហិរញ្ញវត្ថុថ្មីមួយទៀតបន្ថែមពីលើអ្វីដែលមានស្រាប់ ។ លទ្ធផលនេះបានផ្តល់ប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជា ដូចជាការបន្ថយចំណាយប្រតិបត្តិការចំពោះការកៀរគរហិរញ្ញវត្ថុបន្ថែម, ការប្រើប្រាស់មូលធនកាន់តែមានប្រសិទ្ធភាពខ្ពស់, កសាងបានអភិបាលកិច្មសាជីវកម្ម និង គណនេយ្យភាពប្រតិបត្តិការឤជីវកម្មជាដើម។
លោក ហ៊ាន សាហ៉ីប ក៏បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទើបកើតឡើងនៅកម្ពុជា ប៉ុន្តែមានការរីកលូតលាស់លឿន មានសាខាច្រើន ដោយ បានផ្តល់នូវផលិតផល និង សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនជាច្រើន រួមទាំងសេវាប្រាក់កម្ចី, សេវាប្រាក់បញ្ញើ, សេវាផ្ទេរប្រាក់ និង សេវាធនាគារចល័តជាដើម ដែលនេះជាការរួមចំណែកយ៉ាងសកម្មមួយដល់ការពន្លឿនកំណើនសេដ្ឋកិច្ច កម្ពុជា, លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់មូលធន, ការកាត់បន្ថយភាពក្រីក្រ និង រួមចំណែកដល់ការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន ។
លោកបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រការអភិវឌ្ឍវិស័យនេះ ឱ្យមានការរីកចម្រើនដូចនៅបណ្តាប្រទេសអភិវឌ្ឍនានានៅលើពិភពលោក ដោយការជំរុញ និង លើកទឹកចិត្តដល់សហគ្រាស និង ក្រុមហ៊ុនឱ្យបោះផ្សាយមូលបត្រជាសាធារណៈ, លើកកម្ពស់យន្តការជួញដូរដោយបង្កើតឱ្យមានវិនិយោគិនស្ថាប័ន, ការ បង្កើតប្រតិបត្តិករទីផ្សារមូលបត្រអនាគត ព្រមទាំងសិក្សាឱ្យមានទីផ្សារសញ្ញាបណ្ណរដ្ឋផងដែរ។ ជារួមការជំរុញការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និង ធនាគារ ជាកិច្ចការឤទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដើម្បី ជំរុញពិពិធភាព, ធ្វើឱ្យរឹងមាំធន់នឹងវិបត្តិ និង ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, បរិយាប័ន្ន និង លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន៕