(ភ្នំពេញ)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងជំរុញការច្នៃប្រឌិតនិងសហគ្រិនភាព CNEUF នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកឧត្តមសិក្សា និងលោកសាស្ត្រាចារ្យ ហ្សង់ប៉ូល ដឺហ្កូដម៉ា (Jean-Paul De Gaudemar) សាកលវិទ្យាធិការ នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ ភាសាបារាំង (AUF)។

ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងថ្នាក់ដឹកនាំ នៃវិទ្យាស្ថាន តំណាងគ្រឹះស្ថាន និងដៃគូនានាដែលបានចូលរួមក្នុងការកសាងគម្រោងនេះ។

CNEUF ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍ ពង្រឹងសមត្ថភាពនិស្សិតលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតនូវទស្សនវិស័យក្នុងគំនិតច្នៃប្រឌិតបែបនវានុវត្តន៍ អភិវឌ្ឍវប្បធម៌ និងបង្កើតសហគ្រិនភាពជាប្រយោជន៍ ដល់ការធ្វើអាជីវកម្មលើគំរោងច្នៃប្រឌិតនៅលើទីផ្សារ។

វាជាគម្រោងអន្តរសាកលវិទ្យាល័យ និងពហុភាគីដែលបង្កើតឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានអភិវឌ្ឍកិច្ចសហការណ៍ជាដៃគូ ក្នុងសង្គមសេដ្ឋកិច្ចក្នុងការលើកតម្លៃទស្សនៈនវានុវត្តន៍របស់និស្សិតក្នុងស្ថានភាពជាក់ស្តែង៖ ការបង្កើតស្នាដៃ ដំណើរការអនុវត្តន៍ សេវាកម្មជាលក្ខណៈនវានុវត្តន៍ ការអភិវឌ្ឍន៍សហគ្រិនភាព តាមរយៈការបង្កើតសំណាកគំរូ ដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យា និងការបណ្តុះបណ្តាលទាំងក្នុង ក្របខ័ណ្ឌនៃការសិក្សា ទាក្នុងបរិបទនៃការប្រកួតប្រជែងជាលក្ខណៈជាតិឬអន្តរជាតិ បំផុសនិងបណ្តុះបណ្តាលនិស្សិតសាលាតិចណូ និងជួយជ្រុមជ្រែងគំរោងរបស់ពួកគេឆ្ពោះ ទៅនវានុវត្តភាពនិងសហគ្រិនភាព។

គម្រោង CNEUFនេះ ត្រូវបានបង្កើតឡើងដោយមានការសហការណ៍រវាងសាលាតិចណូ និង AUF ព្រមទាំងមានការចូលរួមផងដែគូរជាច្រើនទៀតដូចជា ៖ មូលនិធិបារាំងសំរាប់ការស្រាវជ្រាវនិងនវានុវត្តន៍នៅកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃទីក្រុងហាណូយ SIREA សភាពាណិជ្ជកម្មនិងឧស្សហកម្មបារាំងនៅកម្ពុជា បណ្តាញMékong Skill2Work USAID COMET TEXAS A & M ក្រុមហ៊ុន SMART Axiata, EZECOM, Small World, Venture ។ល៕