(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ រួមជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការសិក្សា ប្រជុំពិភាក្សា ព្រមទាំងផ្ដល់មតិត្រឡប់មកវិញពាក់ព័ន្ធការស្ដារការបូម និងការធ្វើច្រាំងទន្លេដែលក្រុមហ៊ុន ទ្រី ភាព បានស្នើសុំធ្វើចាប់ពីចំណុចមាត់ច្រកព្រំដែន កម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្ដ្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់។
ការណែនាំនេះបានធ្វើឡើងតាមរយៈលិខិតរបស់លោក ជ្រា សុចិន្ដា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងលិខិតនេះបានបញ្ជាក់ពីការស្នើសុំរបស់ក្រុមហ៊ុន ទ្រី ភាព ធ្វើការបូម ស្ដារ និងធ្វើច្រាំងទន្លេតាមគោលការណ៍យុទ្ធសាស្ដ្រ «ទន្លេចិញ្ចឹមទន្លេ»។
បន្ទាប់ពីលិខិតនេះត្រូវបានបែកធ្លាយនាំឱ្យមានការប្រតិកម្មជាច្រើនទៅលើគម្រោងមួយនេះ ជាពិសេសក្រុមប្រឆាំងបានចោទប្រកាន់រាជរដ្ឋាភិបាលថា ប្រគល់ឲ្យក្រុមហ៊ុន ទ្រី ភាព ទៅធ្វើអាជីវកម្មជាមួយនឹងទន្លេ។
ឆ្លើយតបការប្រតិកម្មរបស់ខាងលើ បណ្ដាញព័ត៌មាន Fresh News បានទាក់ទងសុំការបកស្រាយពីក្រសួងធនធានទឹក ដើម្បីបានព័ត៌មានពិស្ដារជុំវិញគម្រោងមួយនេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងបញ្ជាក់ថា គម្រោងមួយនេះមិនទាន់ដំណើរការនៅឡើយនោះទេ ដោយរាជរដ្ឋាភិបាលចាត់ឲ្យរដ្ឋមន្ដ្រីធនធានទឹកសិក្សា និងពិភាក្សាឱ្យលំអិតជាមួយស្ថាប័នពាក់ព័ន្ធទៅលើផលប៉ះពាល់ ក៏ដូចជាអត្ថប្រយោជន៍លើការបូប ស្តារ និងធ្វើច្រាំងទន្លែនេះ រួចផ្ដល់ជាមតិជូនត្រឡប់ទៅរាជរដ្ឋាភិបាលវិញ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា មានហេតុផលធំៗចំនួនពីរ ដែលនាំឱ្យមានការលើកគម្រោងបូម ស្តារ និងធ្វើច្រាំងទន្លេនេះ។ បើតាមលោក ចាន់ យុត្ថា ហេតុផលទាំងពីរនោះរួមមាន៖ ទី១៖ តាមបណ្តោយដងទន្លេរបស់កម្ពុជា មិនដែលស្ដាររាប់សិបឆ្នាំហើយ ជាហេតុធ្វើឲ្យកន្លែងខ្លះត្រូវគោករាក់ និងកន្លែងខ្លះបណ្ដាលឲ្យមានការបាក់ច្រាំងជាបន្ដបន្ទាប់ ដោយសារការគោករាក់នោះ នាំឱ្យចរន្តលំហូរទឹកមានបម្រែបម្រួល។ ដូច្នេះជាជំហ៊ានដំបូងក្រសួងត្រូវសិក្សាតាមលក្ខណៈបច្ចេកទេស តើគួរស្ដារនៅកន្លែងណា ឬទុកនៅកន្លែងណា? នេះបើគម្រោងត្រូវបានដំណើរ។
លោក ចាន់ យុត្ថា បន្តរៀបរាប់ថា ដើម្បីឱ្យប្រាកថាគម្រោងមួយនេះ មិនបង្កផលប៉ះពាល់នោះ ក្រៅតែពីក្រសួងធនធានទឹក ក្រសួងពាក់ព័ន្ធផ្សេងទៀត អាចជាក្រសួងរ៉ែ និងថាមពល និងក្រសួងសាធាណការ និងដឹកជញ្ជូន អាចនឹងធ្វើការសិក្សាដាច់ដោយឡែកផ្សេងគ្នាទៀត ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ក៏ដូចជាការផ្ដល់អាជ្ញាប័ណ្ណ ក៏ដូចជាពាក់ព័ន្ធផ្លូវនាវាចរតាមដងទន្លេនេះជាដើម។
មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបន្ដទៀតថា នៅពេលក្រសួងនីមួយៗសិក្សាចប់សព្វគ្រប់ហើយ នឹងជួបប្រជុំពិភាក្សាគ្នានៅជំហ៊ានបន្ទាប់ ដើម្បីសម្រេចថា តើអាចធ្វើទៅបាន ឬយ៉ាងណា? ដើម្បីឆ្លងជាយោបល់ និងមតិ ជូនរាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចតាមក្រោយ។
សម្រាប់ហេតុចម្បងទី២៖ គឺយុទ្ធសាស្ដ្រទន្លេចិញ្ចឹមទន្លេ នោះមានន័យថា បើក្រុមហ៊ុននឹងត្រូវបានអនុញ្ញាតពីរដ្ឋាភិបាលលើការងារនេះ នោះក្រុមហ៊ុនជាអ្នកចំណាយក្នុងការធ្វើច្រាំងទន្លេ ពីព្រោះបច្ចុប្បន្នរដ្ឋ បានទទួលតែថវិកាពីការបង់ពន្ធសួយសាអាករពីអាជីវកម្មខ្សាច់តែប៉ុណ្ណោះ មិនទាន់មានផែនការក្នុងការសាងសង់ច្រាំងទន្លេ ឬការពារការបាក់ច្រាំងនៅឡើយនោះទេ។
ពាក់ព័ន្ធទៅលើគម្រោងខាងលើនេះ ក្នុងនាមក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការបារម្ភ ពីព្រោះក្រុមហ៊ុនមិនទាន់ទទួលបានការអនុញ្ញាតផ្លូវការឲ្យធ្វើការស្ដារ បូមទន្លេ និងធ្វើច្រាំងទន្លេនៅឡើយ ហើយក្រសួងពាក់ព័ន្ធនឹងសិក្សាឱ្យបានលំអិត និងដិតដល់ជាទីបំផុតធ្វើយ៉ាងណាកុំឱ្យមានប៉ះពាល់ និងអាចធ្វើឱ្យទន្លេរបស់កម្ពុជាមានលំហូរទឹកបានល្អប្រសើរឡើងវិញ ព្រមទាំងបញ្ចៀសការបាក់ច្រាំងផងដែរ។
ពាក់ព័ន្ធគម្រោងបូម ស្តារ និងធ្វើច្រាំងទន្លេនេះ ក្រៅពីលោក ចាន់ យុត្ថា នៅមានមន្ត្រីជំនាញមួយចំនួនទៀត ដែលឆ្លើយតបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានគាំទ្រទៅលើគម្រោងនេះ។ បើតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនេះ បានអះអាងថា ទន្លេរបស់កម្ពុជានាពេលបច្ចុប្បន្នមានការគោករាក់ជាច្រើនកន្លែង ដែលកន្លែងខ្លះនាវាធំៗមួយចំនួនមិនអាចធ្វើដំណើរបាននោះឡើយ ដូចជានៅតាមទន្លេមេគង្គក្រោមនៅជិតម្តុំកំពង់ផែស្វយ័តភ្នំពេញ ជាហេតុនាំឱ្យនាវាដឹកទំនិញមួយចំនួនពិបាកនឹងធ្វើចរាចរណ៍។
មន្ត្រីជំនាញរូបនេះបានអះអាងទៀតថា ការគោករាក់នៃដងទន្លេនេះ ក៏ជាហេតុបង្កឱ្យច្រាំងទន្លេចេះតែបាក់ជារៀងរាល់ឆ្នាំផងដែរ។ មន្ត្រីជំនាញពន្យល់ថា នៅពេលដីគោករាក់វាធ្វើឱ្យចរន្តលំហូរទឹកចាប់ផ្តើមប្រែប្រួល ដូច្នេះទឹកហូរទៅបុកច្រោះនៅតាមច្រាំងក៏នាំច្រាំងទន្លេនេះបាក់ជាបន្តបន្ទាប់។
មន្ត្រីជំនាញដដែលនេះបន្តថា បើមិនមានការបូរ ស្តារ និងធ្វើច្រាំងទន្លេទេ ទៅថ្ងៃមុខទន្លេកម្ពុជា នឹងពិបាកដល់ការធ្វើចរាចរណ៍របស់នាវា ខណៈដែលទន្លេនេះ ជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជាផងដែរ។
ក្រៅពីមន្ត្រីខាងលើនេះ បើគេក្រឡេកទៅមើលឯដងទន្លេនៅក្អមសំណរព្រំប្រទល់ដែនរបស់កម្ពុជា-វៀតណាមឯណោះវិញ បច្ចុប្បន្ននេះបើទោះបីដងទន្លេភាគីខាងកម្ពុជា មិនមានការបូមយ៉ាងណាក្តី តែភាគីខាងវៀតណាមគេបូម ស្តារ ខាងគេជារៀងរាល់ថ្ងៃផងដែរ។
បើទោះបីមានសាធារណៈមតិមួយចំនួនប្រតិកម្ម តែក៏មានអ្នកខ្លះបានគាំទ្រគម្រោងនេះផងដែរ ព្រោះថាបច្ចុប្បន្ននៅតាមដងទន្លេមេគង្គលើ មេគង្គក្រោម ដងទន្លេសាប និងបាសាក់ជាដើម បើទោះបីតំបន់មួយចំនួនមិនមានការបូមយ៉ាងណាក្តី ក៏គេសង្កេតឃើញថា ច្រាំងទន្លេបាក់ជារៀងរាល់ឆ្នាំ ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ហើយកន្លែងខ្លះទៀតបាក់ដល់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋក៏មាន។ ទោះជាយ៉ាងណា គេនៅតែទទូចឱ្យក្រសួងពាក់ព័ន្ធទាំងអស់សិក្សាឱ្យបានល្អិតល្អន់ជាទីបំផុត ដើម្បីប្រាកដថា គម្រោងមួយនេះមិនប៉ះពាល់ដល់ធនធានក្នុងទន្លេ ហើយអាចទប់ស្កាត់ការបាក់ច្រាំង និងទាញជាប្រយោជន៍ដល់ការធ្វើនាវាចរណ៍៕