(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលឆ្លើយបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះហើយ ដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់ គណបក្សខ្មែរក្រោក។

លោកបណ្ឌិត សុខ ទូច បានចាត់ទុកថា បណ្តឹងនេះជារឿងចម្លែកសម្រាប់លោក ប៉ុន្តែទោះជាយ៉ាងណា លោកពុំបានព្រួយបារម្ភ ចំពោះការប្តឹងពីគណបក្សខ្មែរក្រោកនេះឡើយ។ លោកអះអាងបន្តថា លោកនឹងមានចំណាត់ការ តវ៉ាផ្លូវច្បាប់ទៅគណបក្សខ្មែរក្រោកវិញផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានប្រកាសប្តឹងលោក សុខ ទូច ដោយចោទថា បណ្ឌិតរូបនេះបានធ្វើអត្ថាធិប្បាយ ញុះញង់ឲ្យរាជរដ្ឋាភិបាលចាប់លោក ដាក់ពន្ធនាគារក្នុងសកម្មភាពប្រមូលស្នាមមេដៃតវ៉ាយកកោះត្រល់ ដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម។

លោក សុខ ទូច បានអះអាងថា រឿងកោះត្រល់នេះវាជារឿងច្បាប់ បើគណបក្សលោកសារពង្ស ស្នេហាជាតិមែន គួរតែដាក់ចេញជាគោលនយោបាយឃោសនាតាំងពីមុនបោះឆ្នោតម្ល៉េះ៕