(បាត់ដំបង)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក កៀង វឌ្ឍនៈ តំណាង អគ្គលេខាធិការដ្ឋាន ដឹកនាំមន្ត្រី បុគ្គលិកនៃកាកបាទក្រហមកម្ពុជា រួមជាមួយ នឹងថ្នាក់ដឹកនាំ-មន្ត្រីសាខា កាកបាទក្រហមខេត្តបាត់ដំបង និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកបច្ច័យ គ្រឿងឧបភោគ បរិភោគមួយចំនួន ចូលបុណ្យសព លោក សម កុសល នាយក នៃនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងក្តីសោកស្តាយឥតគណនា ចំពោះមរណភាព លោក សម កុសល ដែលមរណភាពនេះ គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ចំពោះភរិយា បុត្រា បុត្រី ចៅៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់មន្ត្រីកាកបាទក្រហមកម្ពុជា មួយរូប មានអត្តចរឹតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ ដែលបានលះបង់ ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចការលំបាកនឿយហត់ ក្នុងការអភិវឌ្ឍស្ថាប័នធនធានមនុស្ស ជាពិសេស យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ពោរពេញដោយស្នាដៃជាច្រើន និងក្នុងបុព្វហេតុមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅទូទាំងប្រទេស។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម សម កុសល បានទៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕