(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សានាយកប្រតិបត្តិ (Board of Directors) ប្រចាំធនាគារពិភពលោក (WB) ក្នុងឱកាសនៃការមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសជាសមាជិក និងការរៀបចំតម្រង់ទិសជាយុទ្ធសាស្រ្ត នៃប្រតិបត្តិការរបស់ WB ក្នុងការជួយគាំទ្រប្រទេសជាសមាជិក ដោះស្រាយឲ្យចំបញ្ហាប្រឈមទាំងនោះ។
គួរបញ្ជាក់ដែរថា សមាសភាព នៃក្រុមប្រឹក្សានាយកប្រតិបត្តិដែលមកបំពេញបេសកកម្មនាពេលនេះ មកពីការិយាល័យតំណាង នៃក្រុមប្រទេសចំនួន ៦៣ និងមានសំឡេងបោះឆ្នោតសរុបចំនួន ៤១,១៤% ដែលជាក្រុមមានសម្លេងបោះឆ្នោតភាគច្រើន នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ នៅក្នុង WB។
គណៈប្រតិភូ នៃក្រុមប្រឹក្សានាយកប្រតិបត្តិប្រចាំ WB បានសម្ដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលលេចធ្លោជាច្រើន ដែលកម្ពុជាសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ច្រើនឆ្នាំជាប់គ្នា, ការកាត់បន្ថយភាពក្រីក្រ, ការគ្រប់គ្រងអត្រាអតិផរណាបានល្អ ក្នុងកម្រិតមួយទាប និងព្រមទាំងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ផ្សេងទៀតបានល្អប្រសើរ ដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម។
ជាងនេះទៅទៀត ការគ្រប់គ្រងបំណុលសាធារណៈបានយ៉ាងល្អរបស់កម្ពុជា កំពុងក្លាយជាករណីសិក្សា និងរៀនសូត្រដកពិសោធន៍មួយរបស់ស្ថាប័នអន្តរជាតិធំៗ និងប្រទេសមួយចំនួន។ គណៈប្រតិភូបានបន្តទៀតថា លើមូលដ្ឋាន នៃភាពជោគជ័យនេះ WB បានត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រ និងធ្វើដំណើរកាន់តែស្វាហាប់ថែមទៀត រួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
កិច្ចពិភាក្សាថ្ងៃនេះ នឹងធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ អាចធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មាន ដែលគណៈប្រតិភូទទួលបានកន្លងមក ធៀបទៅនឹងអ្វីដែលបានកំពុងកើតឡើង ជាក់ស្តែងនៅកម្ពុជា។ នាចុងខែឧសភានេះ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ WB នឹងពិនិត្យអនុម័តក្របខ័ណ្ឌ ភាពជាដៃគូជាមួយកម្ពុជា សម្រាប់៥ឆ្នាំខាងមុខ (២០១៩-២០២៣) ដែលគ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១ប៊ីលានដុល្លារអាមេរិក។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និង WB ត្រូវជួបប្រទះបញ្ហា និងភាពរអាក់រអួលមួយរយៈក្តី តែភាពជាដៃគូនេះ បានចាប់ផ្តើមស្តារឡើងវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និងកាន់តែល្អប្រសើរ ជាលំដាប់រហូតដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ WB ក៏បានផ្តល់នូវធាតុចូល និងអនុសាសន៍គោលនយោបាយ លើវិស័យអាទិភាពសំខាន់ៗ មួយចំនួនដល់កម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជា តម្រង់ទិសការអភិវឌ្ឍរបស់ខ្លួនផងដែរ។ លោកបានបន្តថា ក្នុងកិច្ចប្រឹងប្រែងរួមគ្នាក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក ក្នុងការធ្វើប្រក្រតីកម្ម និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការឡើងវិញនេះ ដែលលោកសង្ឃឹម និងជឿជាក់ថា WB នឹងអាចពង្រឹងសារៈសំខាន់នៃតួនាទីរបស់ខ្លួនឡើងវិញ ក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា ហើយនឹងក្លាយទៅជាដៃគូអភិវឌ្ឍន៏ដ៏ធំ និងសំខាន់ជាថ្មីម្តងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីស្តីទី ក៏បានជម្រាបជូនដល់គណៈប្រតិភូ នៃក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានជ្រាបផងដែរ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់ជាមធ្យម៧,៧%ក្នុងមួយឆ្នាំ, បានប្រែក្លាយខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥, ផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ៗបានកើនឡើង៤ដង ពោលគឺពីប្រមាណ៤១៧ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ១,៥៦៣ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨, ខណៈអត្រា នៃភាពក្រីក្របានធ្លាក់ចុះពីជាង៥៣% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣,៤% នៅឆ្នាំ២០១៤ និងប្រហែល១០% នៅឆ្នាំ២០១៨។
មេគុណជីនី ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ពី០,៣៨០ ក្នុងឆ្នាំ២០០៤ មក០,២៩៥ ក្នុងឆ្នាំ២០១៤ ដែលធ្វើឲ្យប្រទេសកម្ពុជា មានកម្រិតមេគុណជីនីល្អប្រសើរ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានដូចគ្នា។ ទំហំ នៃពាណិជ្ជកម្មអន្តរជាតិបានកើនឡើងពី ១៧,៧២៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣ ដល់ប្រមាណ៣១,៦៣៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។
លោកក៏បានលើកឡើងផងដែរ អំពីការសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងការគៀគរចំណូលសារពើពន្ធ ដែលធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែច្រើន ក្នុងការបង្កើនចំណាយលើវិស័យអាទិភាព និងវិស័យលើកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។ ជាក់ស្តែង បើគិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨កន្លងទៅ ចំណាយថវិកាក្នុងវិស័យអប់រំបានកើន៣,២ដង, វិស័យសុខាភិបាលបានកើន២,៥ដង និងវិស័យកសិកម្មបានកើន៣ដង ព្រមទាំងចំណាយវិនិយោគសាធារណៈដែលហិរញ្ញប្បទាន ដោយថវិកាជាតិបានកើន៣,៥%ផងដែរ។
ជាទិសដៅទៅមុខ ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលចាំបាច់ ត្រូវបង្កើនកិច្ចខិតខំថែមទៀត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ។
ក្នុងទិសដៅនេះ កម្ពុជាកំពុងជួបនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ ពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចនៅតូចចង្អៀត, ភាពប្រកួតប្រជែងនៅទន់ខ្សោយ, កង្វះពលកម្មជំនាញ, កង្វះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងកំណើនឆាប់រហ័ស នៃនគរូបនីយកម្មជាដើម ដែលតម្រូវឲ្យមានការបង្កើនការវិនិយោគបន្ថែម ដើម្បីបំពេញគម្លាតទាំងនេះ។ ធនាគារពិភពលោក ត្រូវបានទទួលស្គាល់ជាសកលថា ជាធនាគារដែលសម្បូរដោយធនធានហិរញ្ញវត្ថុផង និងធនធានចំណេះដឹងផង ដូច្នេះទាំងនេះ ជាវិស័យអាទិភាពដែលធនាគារពិភពលោកមានឧត្តមភាពក្នុងការជួយដល់កម្ពុជា។
លោក វង្សី វិស្សុត និងគណៈប្រតិភូ នៃក្រុមប្រឹក្សានាយកប្រតិបត្តិ WB ក៏បានផ្លាស់ប្តូរមតិយោបល់លើប្រធានបទជាក់ស្តែងមួយចំនួនផងដែរ។ ដោយឡែកពាក់ព័ន្ធ នឹងស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា, លោកបានលើកឡើងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមានចីរភាព និងហានិភ័យកម្រិតទាប ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ បានចាត់ទុកថា ជាប្រទេសគំរូក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅក្នុងតំបន់។
មូលហេតុដែលកម្ពុជាសម្រេចបានលទ្ធផលនេះ គឺដោយសារកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ០៤របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺទី១៖ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ទី២៖ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣៖ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ ចីរភាពកំណើន និងវិស័យបង្កើន ផលិតភាពសេដ្ឋកិច្ច និងទី៤៖ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព។
លោកបានសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្នមានដៃគូ និងប្រទេសកាន់តែច្រើនចង់ឲ្យកម្ពុជាខ្ចីប្រាក់ក្តី តែកម្ពុជានឹងមិនខ្ចីឡើយ ប្រសិនបើមិនចាំបាច់ និងមិនឆ្លើយតប នឹងតម្រូវការ និងអាទិភាពរបស់កម្ពុជា។ ក្រៅពីនេះគណៈប្រតិភូក៏បានផ្លាស់ប្តូរមតិយោបល់ផងដែរ ពាក់ព័ន្ធបញ្ហាបរិស្ថាន និងបញ្ហានគរូបនីយកម្ម នៅតាមទីក្រុង ព្រមទាំងការអប់រំនៅកម្រិតធម្យមសិក្សា ដែលបច្ចុប្បន្នទោះបីមានអត្រា នៃការចូលរៀនមានកម្រិតខ្ពស់ តែការបោះបង់ចោលការសិក្សា នៅតែជាបញ្ហាប្រឈមនៅឡើយ។
ទន្ទឹមនឹងនេះ ការបន្តលើកកម្ពស់គុណភាពឧត្តមសិក្សា ពិសេសការគាំទ្រដល់ការសិក្សា និងស្រាវជ្រាវលើមុខជំនាញវិទ្យាសាស្រ្តពិត (STEM) គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ជាទីបញ្ចប់លោក វង្សី វិស្សុត ក៏បានជូនពរក្រុមការងារឲ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មការងារនៅកម្ពុជា៕