(ភ្នំពេញ)៖ លោក Peter Liu នាយកក្រុមហ៊ុន Shenzhen Zhongnong Grain Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុន Shenzhen Zhongnong Grain គ្រោងនឹងនាំចេញអង្ករពីកម្ពុជា ទៅប្រទេសចិនដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនដទៃទៀតឡើយ។

ការលើកឡើងបែបនេះរបស់លោក Peter Liu ធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាត ឲ្យជួបពិភាក្សាជាមួយលោក មូល សារិទ្ធី អគ្គលេខាធិការតំណាងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណងពិភាក្សាពី លទ្ធភាពលើកិច្ចសហការទិញអង្ករពីកម្ពុជា។

លោក Peter Liu ឲ្យដឹងថា ក្រុមហ៊ុន Shenzhen Zhongnong Grain ធ្លាប់បាន និងកំពុងទិញអង្ករពីកម្ពុជា តាមរយៈក្រុមហ៊ុន COFCO អស់រយៈពេលជាង៦ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្នកំពុងស្វែងរកដៃគូផ្សេងៗទៀត ដើម្បីទិញអង្ករផ្ទាល់ពីកម្ពុជា។

លោកបន្ដថា ក្រុមហ៊ុនមានបំណងអញ្ជើញតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកមួយចំនួនចូលរួមពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

បន្ទាប់ពីបានពិភាក្សា និងចែករំលែកព័ត៌មានគ្នារួចមកភាគីទាំង២បានបញ្ជាក់ពីជំហរ ក្នុងការសហការគ្នាលើការងារខាងលើ ដើម្បីជួយសម្រួលឱ្យក្រុមហ៊ុនចិននានាជួបពិភាក្សា ជាមួយសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ប្រសិនបើអាចឈានដល់ការចុះកុងត្រាទិញលក់អង្ករ ក្នុងកម្មវិធីពិព័រណ៌សៀងហៃក្នុងពេលខាងមុខនេះ៕