(នេប៉ាល់)៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខេ ភី សាម៉ា អូលី (K.P. Sharma Oli) នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមក កាន់ប្រទេសកម្ពុជាពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ តើលោក សាម៉ា អូលី គឺជានរណា? ខាងក្រោមនេះគឺជាប្រវត្តិរូបត្រួសរបស់លោក៖
* ប្រវត្តិរូបផ្ទាល់ខ្លួន
លោក សាម៉ា អូលី គឺជាមេដឹកនាំកុម្មុយនិស្ដជើងចាស់ម្នាក់ ដែលបានតស៊ូយ៉ាងខ្លាំងចាប់ពីជីវិតជាអ្នកទោសរហូតដល់ បានកាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់។ លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥២ ក្នុងភូមិមួយនៃស្រុក Terhathum ស្ថិតនៅភាគខាងកើតប្រទេសនេប៉ាល់។ លោកគឺជាកូនប្រុសចម្បងមានឪពុកឈ្មោះ Mohan Prasad និងម្ដាយឈ្មោះ Madhumaya Oli ដែលបានទទួលមរណភាពដោយសារជំងឺរាតត្បាត Smallpox នៅពេលលោក មានអាយុ៤ឆ្នាំ។ បន្ទាប់ពីមរណភាពរបស់ម្ដាយ លោក សាម៉ា អូលី ត្រូវបានលោកយាយ Rammaya ជាអ្នកមើល ថែទទួលខុសត្រូវ។
លោក សាម៉ា អូលី មានឈ្មោះដើម Dhruba ប៉ុន្តែនៅពេលចុះឈ្មោះចូលរៀន ឪពុកម្ដាយរបស់លោកបានប្ដូរឈ្មោះ លោកទៅជា Khadga Prasad វិញ។ ម្យ៉ាងវិញទៀត បើតាមមិត្តរួមថ្នាក់កាលពីនៅក្មេង លោកត្រូវបានគេចាត់ទុក ថាជាក្មេងដ៏វ័យឆ្លាតវៃ និងមានការតាំងចិត្តមុតមាំ។
* ការប្រឡូកចូលឆាកនយោបាយ
ដោយទទួលឥទ្ធិពលពីលិទ្ធិកុម្មុយនិស្ដម៉ាក្ស-លេនីន (Marxism-Leninism) លោក សាម៉ា អូលី បានចាប់ផ្ដើមជីវិត ជាអ្នកនយោបាយកុម្មុយនិស្ដក្នុងឆ្នាំ១៩៦៦។ បន្ទាប់មកនៅឆ្នាំ១៩៧០ លោកបានក្លាយជាសមាជិកមួយរូបក្នុងជួរ គណបក្សកុម្មុយនិស្ដនេប៉ាល់ (Communist Party of Nepal ) ហើយក្នុងឆ្នាំដដែលនោះលោកត្រូវបានអាជ្ញាធរ នេប៉ាល់ចាប់ខ្លួនពីបទចូលរួមក្នុងអំពើបះបោរប្រដាប់អាវុធប្រឆាំងរបបរាជានិយមនាសម័យនោះ ដើម្បីបង្កើតលិទ្ធិ ប្រជាធិបតេយ្យ និងសាធារណរដ្ឋ។
លោក សាម៉ា អូលី ត្រូវបានចាប់ខ្លួនជាលើកទី២នៅឆ្នាំ១៩៧៣ និងត្រូវគេផ្ដន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ។ ប៉ុន្តែ ក្រោយត្រូវបានដោះលែងក្នុងឆ្នំា១៩៨៧ លោកបានក្លាយជាសមាជិកមួយរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស កុម្មុយនិស្ដនេប៉ាល់។ លើសពីនេះទៅទៀត លោកកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ក្រោយចលនា ប្រជាធិបតេយ្យរបស់លោកបានផ្ដួលរំលំរបប Panchayat ដែលបង្កើតឡើងដោយសេ្ដច Mahendra នៅឆ្នាំ១៩៩០ តាមរយៈការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ។
ក្រោយៗមកទៀត បើទោះជាលោកចាញ់ក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០០៨ក៏ដោយ តែលោក សាម៉ា អូលី នៅតែបន្តជីវិតនយោបាយរបស់លោកដដែល រហូតដល់ជាប់ឆ្នោតជាតំណាងរាស្ត្រ និងបម្រើការងារជា រដ្ឋមន្ត្រីមហាផ្ទៃពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៥ ព្រមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧។
* ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី
លោក សាម៉ា អូលី បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនេប៉ាល់នៅក្នុងការបោះឆ្នោសភានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ដោយទទួលបានសំឡេងគាំទ្រ៣៣៨ ក្នុងចំណោមសំឡេងសរុប៥៩៧។ លោកបានស្បថចូលកាន់តំណែងនេះនៅ ថ្ងៃទី១២ ខែតុលាឆ្នាំដដែល។ ប៉ុន្តែដោយសារមានវិបត្តិនៅក្នុងរដ្ឋាភិបាលចម្រុះ លោក សាម៉ា អូលី បានប្រកាស លាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើពិធីថ្លែងសារទៅកាន់សភាជាតិ។ លោក សាម៉ា អូលីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនេប៉ាល់ជាលើកទី២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៕