(មណ្ឌលគិរី)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈនិងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងអអង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងភ្នំដោះក្រមុំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះបោះបង្គោលកំណត់ព្រំដី នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ក្រោយអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ។

លោក ថៃ នរៈសត្យា បានថ្លែងថា បេសកកម្មរបស់គណៈកម្មធិការចម្រុះនាពេលនេះ គឺជាសញ្ញាវិជ្ជមានដ៏ប្រសើរ ព្រោះបញ្ហាដីនៅតំបន់ភ្នំដោះក្រមុំនេះ បានអូសបន្លាយជាច្រើនឆ្នាំមកហើយ។

លោកបានបញ្ជាក់ថា ការសម្រេចរួមគ្នាក្នុងការចុះបោះបង្គោលកំណត់ព្រំដីនេះ នឹងពន្លឿនដល់ការងារជំនាញវប្បធម៌ ដើម្បីធ្វើរបាយការណ៍ជាក់ស្តែងដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមកសម្តេច បានជំរុញឲ្យស្ថាប័នជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហានៅទីនេះឲ្យបានចប់ឆាប់ៗ ជៀសវាងការទន្ទ្រានដោយខុសច្បាប់បន្តទៀត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានឲ្យដឹងថា ដីភ្នំដោះក្រមុំនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងតាំងពីឆ្នាំ២០០៤ ដើម្បីទុកជាសម្បត្តិសាធារណៈ តែដោយកាលណោះដីនៅតំបន់នេះ មិនទាន់មានការបោះកំណត់ព្រំឲ្យបានត្រឹមត្រូវ ដូច្នេះហើយក៏មានសកម្មភាពលួចទន្ទ្រានដី ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមចង្កេះភ្នំ។

លោកអភិបាលខេត្តបន្តទៀតថា រយៈពេលពីរ-បីឆ្នាំចុងក្រោយនេះ ក្នុងនាមអាជ្ញាធរខេត្តលោកបានដាក់ចេញវិធានការទប់ស្តាត់ការរំលោភបំពានពីជនខិលខូច និងចាត់វិធានការទៅតាមច្បាប់ ដើម្បីថែរក្សាដីនៅតំបន់នេះទុកទៅថ្ងៃក្រោយ ហើយនៅពេលនេះ ដោយមានក្រុមការងារចម្រុះ លោកអភិបាលខេត្តជឿជាក់ថា អ្វីៗទាំងអស់ការចុះពិនិត្យផ្ទៀងផ្ទាត់ ការដោះស្រាយនឹងអាចចប់សព្វគ្រប់ ព្រោះក្រុមការងារបានឯកភាពគ្នាឈរលើគោលការណ៏ «ទប់ស្កាត់ ការពារនឹងថែរក្សា» ដីនេះឲ្យគង់វង្សយូរអង្វែង មិនអនុញ្ញាតិឲ្យបុគ្គលណាម្នាក់ កាន់កាប់ជាកម្មសិទ្ធឯកជនដាច់ខាត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវរឹបអូសដីភ្នំដោះក្រមុំទុកជាសម្បត្តិរដ្ឋវិញ ដែលរងការទន្ទ្រានពីមនុស្សមួយក្តាប់តូច ទុកជាកម្មសិទ្ធបុគ្គល។

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ មិនអនុញ្ញាតឲ្យបុគ្គលណាទន្ទ្រានយកដី នៅភ្នំដោះក្រមុំបានឡើយ ស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់ មិនអនុញ្ញាតឱ្យបុគ្គលណា ទៅទន្ទ្រានយកដីនៅភ្នំដោះក្រមុំទេ ហើយសម្តេចនៅចងចាំអ្វី ដែលសម្តេចធ្លាប់ទៅកាលពីឆ្នាំ២០១២ នៅទីនោះ។

ដីតំបន់ភ្នំដោះក្រមុំ ឬមជ្ឈមណ្ឌលវប្បធម៏ជនជាតិដើមភាគតិច មានផ្ទៃដីប្រមាណជាង១០០ហិចតា ត្រូវបានបាត់បង់បន្តិចម្តងៗតាំងពីឆ្នាំ២០០៥ ដោយដីមួយផ្នែក ត្រូវបានគេទិញលក់ពីម្នាក់ទៅម្នាក់ រហូតប្រែក្លាយកន្លែងខ្លះទៅជា ទីតាំងខារ៉ាអូខេ នឹងផ្ទះសំណាក់ជាដើម។ ដីដែលសេសសល់បច្ចុប្បន្នប្រហែល៨០ហិចតាប៉ុណ្ណោះ៕