(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបលោកស្រី Aparna Subramani នាយកប្រតិបត្តិ នៃធនាគារពិភពលោក និងជាប្រធានគណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ក្នុងគោលបំណងពិភាក្សា អំពីដំណើរវិវត្តន៍រីកចម្រើន នៃវិស័យកសិកម្ម និងស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។
ជាមួយនឹងមតិស្វាគមន៍ ចំពោះគណៈប្រតិភូ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារពិភពលោក ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះ តែម្តងពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញ។
ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះ នៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួន ដែលក្រសួង និងវិស័យកសិកម្មទាំងមូល កំពុងជួបប្រទះ ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នាំឲ្យមានការប៉ះពាល់ ដល់ការបំពេញខ្សែច្រវាក់តម្លៃបន្ថែមផលិតកម្មកសិកម្ម និងភាពប្រកួតប្រជែង។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងធានានិរន្តរភាពនៃការអភិវឌ្ឍ ទន្ទឹមនឹងនេះសម្រេចឲ្យបាន នៃចក្ខុវិស័យរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាល ដែលមានក្រសួងជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ ដូចជាការលើកកម្ពស់ទំនើបកម្មកសិកម្ម ការជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា បង្កើនការសិក្សាស្រាវជ្រាវ ពូជដំណាំ សត្វ និងវារីវប្បកម្ម ព្រមទាំងការលើកកម្ពស់ប្រជាសហគមន៍ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងបង្កើនសក្តានុពលធនធានមនុស្ស ជាពិសេសយុវជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកស្រី Aparna Subramani បានធ្វើការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន ដែលសមិទ្ធផលទាំងអស់នេះ បានជួយប្រែក្លាយកម្រិតជីវភាព របស់ប្រជាជនកម្ពុជា បានយ៉ាងល្អប្រសើរ ហើយលោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញជាមួយធនាគារពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍន៍ វិស័យកសិកម្ម។
លោកស្រី ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះបញ្ហាប្រឈមដែល លោករដ្ឋមន្ត្រី បានលើកឡើងខាងលើ ដោយបញ្ជាក់ថា ក្រុមការងាររបស់ធនាគារពិភពលោក នឹងយកទៅពិនិត្យ និងរកការជួយគាំទ្រផងដែរ។ ហើយលោកស្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងក្រសួង និងធនាគារពិភពលោក ត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត តាមរយៈជំនួបនាថ្ងៃនេះ៕