(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញក្តីរីករាយចំពោះមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកឱកាសចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាព ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍កន្លងមករបស់ខ្លួន ក៏ដូចជាធ្វើបច្ចុប្បន្នភាពស្ថានការណ៍វិវឌ្ឍន៍ រាប់ចាប់តាំងពីបេសកកម្មលើកមុនរបស់លោកស្រី។

លោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ចប់បេសកកម្មរបស់លោកស្រី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោយបញ្ចប់បេសកកម្មលើកទី៧ ក្នុងនាមជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។

លោកស្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានអញ្ជើញខ្លួនមកបំពេញទស្សនកិច្ច និងឆន្ទៈរបស់មន្រ្តីរដ្ឋាភិបាលជាច្រើនរូប ដែលបានយល់ព្រមជួបប្រជុំជាមួយលោកស្រី និងពិភាក្សាដោយបើកចំហអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។

នៅក្នុងអំឡុងពេលបំពេញបេសកកម្មនេះ លោកស្រី រ៉ូណា ស្មីត មានបុព្វសិទ្ធិជួបជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួន ជាពិសេសជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងលោកស្រី ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកស្រីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំមានសេចក្តីរីករាយ ដែលឃើញរដ្ឋមន្រ្តីជាន់ខ្ពស់ជាច្រើននៃរដ្ឋាភិបាល បានយកឱកាសចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាព ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍កន្លងមករបស់ខ្ញុំ ក៏ដូចជាធ្វើបច្ចុប្បន្នភាពស្ថានការណ៍វិវឌ្ឍន៍ រាប់ចាប់តាំងពីបេសកកម្មលើកមុនរបស់ខ្ញុំ។ ខ្ញុំបានជួបប្រជុំផងដែរ ជាមួយអ្នកពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងសង្គមស៉ីវិល សហគមន៍ការទូត និងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា»។

«លើសពីនេះទៀត ខ្ញុំបានជួបជាមួយប្រជាពលរដ្ឋ និងក្រុមប្រជាជនមួយចំនួន ដែលបានដាក់ញត្តិ ឬបានស្នើសុំជួបប្រជុំជាមួយខ្ញុំដោយផ្ទាល់។ ភាគច្រើននៃញត្តិទាំងនេះពាក់ព័ន្ធនឹងសិទ្ធិដីធ្លី។ ញត្តិដទៃផ្សេងទៀត ទាក់ទងទៅនឹងសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល Fresh News ទទួលបាន។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងលោកស្រីនៅក្នុងខែមីនា ឆ្នាំ២០១៥។

កាលពីខែតុលា ឆ្នាំ២០១៨ លោកស្រី រ៉ូណា ស្មីត ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា១១ថ្ងៃផងដែរ ដោយក្នុងអំឡុងពេលទស្សនកិច្ចនោះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ។ លោកស្រីនឹងបង្ហាញរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩៕