(បារាំង)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី «ចីរភាពបំណុលសម្រាប់ចីរភាពកំណើន ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ» នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំជាន់ខ្ពស់នេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង ដោយមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល, ប្រធានស្ថាប័នអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុ ឯកជនធំៗ មកពីតាមបណ្តាប្រទេសនៃប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ប្រមាណ៦៥ប្រទេស។

ក្រោមប្រធានបទ «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ» កិច្ចប្រជុំបានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗជាយុទ្ធសាស្រ្ត ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដោយរួមទាំង៖ ហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, វិធីសាស្រ្តដែលប្រទេសមានតម្រូវការ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាចអនុវត្តបានដោយជៀសវាង នូវការជំពាក់បំណុលច្រើនហួសហេតុ ដោយប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយភាពត្រឹមត្រូវ, មានការទទួលខុសត្រូវ, តម្លាភាព, គុណភាព និងធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងការលើកម្ពស់ភាពជាម្ចាស់ ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ។

លោកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមពិភាក្សាដោយផ្ទាល់ ក្នុងកិច្ចប្រជុំជាក្រុមស្តីអំពី «ហិរញ្ញប្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយយុត្តិធម៌ និងចីរភាព»។ ក្នុងនោះអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការមុតស្រួចកែទម្រង់ លើគ្រប់វិស័យពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដើម្បីឲ្យកម្ពុជាអាចសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទោះបីហិរញ្ញប្បទានកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា នៅមានកំរិតនៅឡើយក្តី។

លោកអគ្គបណ្ឌិតសភាចារ្យបានស្នើឲ្យ មានការចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេស កំពុងអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការដាក់ចេញវិធានវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធជាសកលសមស្រប ដើម្បីធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងចីរភាព ។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាជួបពិភាក្សាការងារទ្វេភាគី ជាមួយតំណាងជាន់ខ្ពស់នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD), តំណាងជាន់ខ្ពស់នៃសហគមន៍អ៊ឺរ៉ុប (EU), តំណាងជាន់ខ្ពស់នៃ ក្រសួងហិរញ្ញវត្ថុ ប្រទេសអូស្រ្តាលី និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

ជាក់ស្តែងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយលោកស្រី Agnès Pannier-Runacher រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង និងបានចុះហត្ថលេខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។

លោក Rèmi Rioux នាយកចាត់ការទូទៅនៃ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ ទៅលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ក្នុងទឹកប្រាក់ចំនួន២៩១លានអឺរ៉ូ ដោយឥណទានសម្បទានចំនួន២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤.១លានអឺរ៉ូពីសហគមន៍អឺរ៉ុប (EU) សម្រាប់ហិរញ្ញប្បទាន លើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូនចែកចាយ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី ឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួល ក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីក៏ដូចជា បង្កើនប្រសិទ្ធិភាព និងនិរន្តរភាព ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា៕