(បារាំង)៖ ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ លោកស្រី Agnès PANNIER-RUNACHER រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋបារាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភានេះ បានបញ្ជាក់ថា កិច្ចប្រជុំនោះក៏បានពិភាក្សាអំពីហានិភ័យសម្រាប់កម្ពុជា ចំពោះការដកជាយថាហេតុ នៃការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) ដោយសហភាពអឺរ៉ុប។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីមូលដ្ឋានតថភាពពិតប្រាកដ ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយអំពីការអនុគ្រោះពន្ធនេះ។ លោកស្រីរដ្ឋលេខាធិការ បានជម្រាបថា រដ្ឋាភិបាលបារាំង បានយល់ច្បាស់អំពី ផលប្រយោជន៍ដែលកម្ពុជា ទទួលបានពី EBA, ហើយលោកស្រី សន្យានឹងបន្តបង្ហាញការពិតរបស់កម្ពុជា ចំពោះបញ្ហានេះ ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ ដើម្បីពិភាក្សាអំពីការបន្តជំរុញ និង ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី កម្ពុជា-បារាំង ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនភាគីមិត្ត អំពីការផ្លាស់ប្តូរមុខមាត់ថ្មី នៃប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិ, ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ក្នុងរយៈពេល២ទសវត្ស កន្លងមកនេះ, កម្ពុជា ជាប្រទេសឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែលមានកំណើន សេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា៧.៧%, មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, បង្កើតបរិស្ថានធុរកិច្ចអំណោយផល ក៏ដូចជាការគ្រប់គ្រង បំណុលសាធារណៈមានភាពល្អប្រសើរ។
លោកអគ្គបណ្ឌិតសភាចារ្យ បានគូសរំលេច និងវាយតម្លៃខ្ពស់អំពីថា សមិទ្ធិផលជាផ្លែផ្កា នៃការអភិវឌ្ឍដែលកម្ពុជា ទទួលបានក្នុងពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់ ពីតួនាទីយ៉ាងសកម្ម របស់ភាគីមិត្តបារាំង ដែលចូលរួមចំណែកយ៉ាងសកម្មក្នុង ការអភិវឌ្ឍន៍កម្ពុជា។
លោកស្រី Agnès PANNIER-RUNACHER រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកែទម្រង់កន្លងមក។
លោកស្រី ក៏បានបញ្ជាក់ថា បារាំង និងកម្ពុជា គឺជាមិត្តដ៏ល្អ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានហើយ បារាំងនឹងនៅតែបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យ នៃកិច្ចសហប្រតិបត្តិការរបស់បារាំង ឲ្យស្របទៅនឹង យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជា ជាពិសេស ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, កិច្ចការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា និងលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ឲ្យកាន់តែស៊ីជម្រៅថែមទៀត ចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គមកិច្ច, និងវិស័យផ្សេងៗទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជន នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩ ដល់ត្រីមាសទី១ ឆ្នាំ២០១៩ ប្រទេសបារាំង បានផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួនប្រមាណ៦៥២.៥លានអឺរ៉ូ ក្នុងនោះរួមមាន៖ ហិរញ្ញប្បទានឥតសំណង ចំនួន១៩៤លានអឺរ៉ូ, ឥណទានសម្បទាន (Sovereign Loan) ចំនួន២៩១.៥លានអឺរ៉ូ និងឥណទាន គ្មានការធានាពីរដ្ឋ (Non Sovereign Loan) ចំនួន១៦៧លានអឺរ៉ូ៕