(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានពិនិត្យឃើញថា មានបុគ្គលមួយចំនួនបានធ្វើការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីយកធ្វើជាកម្មសិទ្ធិ ក្រោមលេសខ្វះដីអាស្រ័យផល និងបង្កបង្កើនផល។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន សូមដាក់ចេញ នូវ វិធានការនិងណែនាំដូចខាងក្រោម៖
* ទោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃ កាន់កាប់ និងបែងចែកដី នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិទេ
* ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន ហ៊ុមព័ទ្ធ បែងចែក ដីព្រៃឈើ និងការដាំដុះដំណាំលើដីសហគមន៍ តំបន់ការពារធម្មជាតិ និង ដីក្នុងតំបន់ការពារធម្មជាតិ
* ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់សហគមន៍ តំបន់ការពារធម្មជាតិ និងក្នុងតំបន់ការពារធម្មជាតិ
* មន្ទីរបរិស្ថានខេត្តត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស ដោយសហការជាមួយរដ្ឋបាលដែនដី ក្នុងការអប់រំ ផ្សព្វផ្សាយ លិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដល់មហាជនទូទៅ ជាពិសេសប្រជាសហគមន៍មូលដ្ឋាន
* អ្នកដែលបានទន្រ្ទានកាន់កាប់ដីខុសច្បាប់កន្លងមកត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយ ប្រគល់ដី និងទីតាំងមកឱ្យក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដូចបានរៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី ខេត្ត ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយដល់មហាជន និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងនិងចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តវិធានការចាំបាច់ នានាដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕