(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា នាពេលខាងមុខ លោកនឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តកំពង់ធំ ដូចខេត្តគោលដៅទេសចរណ៍សំខាន់ដទៃទៀត ពីព្រោះទឹកដីអតីតរាជធានីបុរាណមួយនេះ ក៏ជាគោលដៅទេសចរណ៍មួយដ៏សំខាន់ផងដែរ។
ការបង្ហើបឱ្យដឹងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាលទី៤ របស់រាជរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។
នាឱកាសនោះលោក ថោង ខុន បានបញ្ជាក់ថា ខេត្តកំពង់ធំ ទោះបីជាខេត្តនាំមុខខាងវិស័យកសិកម្ម តែក៏ជាគោលដៅទេសចរណ៍មួយដ៏ល្អដែរ ពីព្រោះជាខេត្តដែលមានសម្បត្តិបេតិក ភណ្ឌពិភពលោក គឺតំបន់ប្រាសាទសំបូរព្រៃគុក ហើយក៏មានសក្ដានុពលលើវិស័យកសិទេសចរណ៍ផងដែរ។
មិនតែប៉ុណ្ណោះ នៅផ្នែកខាងក្រោមនៃខេត្តភាគកណ្ដាលនេះ មានវាលស្រែដ៏ធំល្វឹងល្វើយ មានព្រៃលិចទឹក និងបឹងទន្លេសាប នៅផ្នែកខាងលើ មានចម្ការកៅស៊ូ ចម្កាលដំណាំផ្សេងទៀត មានព្រៃឈើ និងធនធានធម្មជាតិដ៏សម្បូរបែបនៅតំបន់ព្រៃឡង់។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំគិតថា ខិតខំពិភាក្សាជាមួយគណៈអភិបាលខេត្ត ដឹកនាំធ្វើ Master Plan ខេត្តយើងឱ្យបានល្អ ព្រោះយើងមិនទាន់មានផែនការមេអភិវឌ្ឍន៍ខេត្តឱ្យបានល្អនៅឡើយទេ»។
ក្រៅពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ ខិតខំបន្តការរៀបចំសោភ័ណភាពតាមបណ្ដោយដងស្ទឹងសែនឱ្យបានល្អប្រសើរ ដោយនៅពេលខាងមុខ ខេត្តកំពង់ធំនឹងមានការរៀបចំពិធីធំៗជាបន្តបន្ទាប់ទៀត៕