(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់នូវអនុសាសន៍ចំនួន ១៤ចំណុច ដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំទាំងមូល ដើម្បីនាំមកនូវប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ការប្រកាសដាក់ចេញនូវអនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាលទី៤ របស់រាជរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវការងារសំខាន់ៗ ដូចខាងក្រោម៖

១៖ រៀបចំជាសេចក្តីសម្រេចស្តីពីបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកទាំង៩ នៅខេត្តកំពង់ធំ ឲ្យបានសមស្របទៅតាមរចនាសម្ពន្ធការងារ ក្នុងនោះត្រូវបង្កើតជាលេខាធិការមួយ ដើម្បីជាសេនាធិការជួយសម្របសម្រួលការងារ និងរាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ។

២៖ បន្ទាប់មក ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកទាំង៩ ត្រូវរៀបចំជាសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ-សង្កាត់ ឲ្យបានសមស្របទៅតាមរចនាសម្ពន្ធការងារ។

៣៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកនីមួយៗ ត្រូវរៀបចំជាផែនការសកម្មភាព របៀបរបបការងារ និងការចុះរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានឃុំ-សង្កាត់ ឲ្យបានច្បាស់លាស់។

៤៖ ចំពោះការងារឆ្វៀលដីនៅតំបន់៣៖ ត្រូវបន្តពិនិត្យ និងដោះស្រាយឲ្យបានសមស្របទាន់ពេលវេលា និងមានតម្លាភាព ចំពោះដីនៅតំបន់៣ណាដែលផ្នែកជំនាញបានចុះពិនិត្យ វាស់វែង បោះបង្គោល និងមានទិន្នន័យច្បាស់លាស់ ហើយត្រូវចេញសលាកប័ត្រដីអាស្រ័យផលជូនប្រជាពលរដ្ឋឱ្យបានរហ័ស ព្រោះថាដីនៅតំបន់៣មួយចំនួន ដូចជានៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក (ពីមុនស្រុកបារាយណ៍) ប្រជាពលរដ្ឋបានទៅអាស្រ័យផលនៅទីនោះជាយូរឆ្នាំមកហើយ ប៉ុន្តែពួកគាត់ត្រូវការលិខិតបញ្ជាក់ និងការទទួលស្គាល់ពីរដ្ឋអំណាចមូលដ្ឋាន លើដីដែលពួកគាត់កំពុងអាស្រ័យផលនៅឡើយ។

៥៖ ចំពោះដីតំបន់២ ដែលត្រូវស្នើសុំកាត់ឆ្វៀលមកតំបន់១វិញ៖ ត្រូវបន្តការចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណដីតំបន់២នេះឲ្យបានច្បាស់លាស់ (ដូចជាដីលំនៅដ្ឋាន ដីភូមិ វត្តអារាម សាលារៀន និងដីស្រែរបស់ប្រជាពលរដ្ឋ) ដើម្បីគោរពស្នើសុំទៅរាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីទាំងនេះចេញពីតំបន់២ មកតំបន់១វិញ)។

៦៖ ចំពោះដីនៅតំបន់អភិរក្សសត្វខ្សឹប៖ ត្រូវបន្តចុះពិនិត្យ វាស់វែង និងកំណត់ទំហំដីសម្រាប់អភិរក្សសត្វខ្សឹបនេះឲ្យបានច្បាស់លាស់ និងស្នើសុំអន្តរាគមន៍ទៅក្រសួងបរិស្ថាន ដើម្បីកាត់ដីស្រែរបស់ប្រជាពលរដ្ឋចេញពីតំបន់អភិរក្សសត្វខ្សឹបនេះ។

៧៖ បន្តពិនិត្យ និងដោះស្រាយការងារឆ្វៀលដីចេញពីសារពើភណ្ឌ របស់មន្ទីរអង្គភាពជូនប្រជាពលរដ្ឋ។

៨៖ បន្តពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក។

៩៖ ត្រៀមលក្ខណៈអន្តរាគមន៍ជាប្រចាំ និងរកមធ្យោបាយត្រៀមលក្ខណៈដឹកជញ្ជូនទឹកតាមប្រភពទឹក ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់តាមគោលដៅនៃអង្គភាព ក្រុមហ៊ុន ឬប្រតិបត្តិករធ្វើអាជីវកម្ម ផ្គត់ផ្គង់ទឹកស្អាត ដើម្បីដោះស្រាយផ្គត់ផ្គង់ទឹកជាបន្ទាន់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានណាដែលមានបញ្ហាខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃឡើយ។ ព្រមជាមួយនេះ មន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវសហការណែនាំអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីការថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមគ្រួសារ តាមកសិដ្ឋាននានា ព្រមទាំងត្រៀមវិធានការជួយអន្តរាគមន៍ ក្នុងការព្យាបាលជំងឺទាំងមនុស្ស និងសត្វចិញ្ចឹមឲ្យបានទាន់ពេលវេលា។

១០៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ខាងមុខនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ គ្រោងនឹងរៀបចំដាក់ចេញនូវចលនាប្រលងប្រណាំងការផ្តល់សេវាសាធារណៈល្អនៅគ្រប់រាជធានី-ខេត្ត ហើយក្រុមការងារថ្នាក់ជាតិនឹងស្នើសុំចាប់ផ្តើមអនុវត្តនៅខេត្តកំពង់ធំមុនគេ។

១១៖ បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

១២៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។

១៣៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស័យទាក់ទងជាមួយសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន។

១៤៖ បន្តខិតខំលុបបំបាត់នូវអំពើអសកម្មនានាដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបន្តខិតខំធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕